(កំពង់ធំ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ នាយករងសេនាធិការ នៃអគ្គបញ្ជាការដ្ឋានកងយោពលខេមរភូមិន្ទ លោកស្រី ទ្រីណាត់ និងព្រះចៅអធិការវត្តបាណក ស្រុកបារាយណ៍ បាននាំយកសម្ភារ និងថវិកាមួយចំនួនទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជិត១០០នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ និងសន្ទុក ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ឃួន សុវណ្ណ បានផ្តាំផ្ញើ និងបានលើកទឹកចិត្តដល់អ្នកជម្ងឺ កុំឱ្យមានការតក់ស្លុតពេលឈឺត្រូវរត់រកគ្រូពេទ្យ ហើយការចែកអំណោយនេះគឺជាអំពើមនុស្សធម៌ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។ ការចែកជូនអំណោយនាពេលនេះ គឺជាឧទ្ទិសដល់ដួងវិញ្ញាក្ខន្ធបុព្វបុរស សាច់សារលោហិតដែលបានចែកឋានទៅ និងជាគោរពព្រះវិញ្ញាណក្ខន្ធ ថ្វាយព្រះរាជកុសលជូន ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ គម្រប់ខួប៦ឆ្នាំ ដែលព្រះអង្គបានយាងសោយទិវង្គត។

ជាមួយគ្នានេះដែរ លោក ឃួន សុវណ្ណ បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យមានសេចក្តីសុខសប្បាយ ឆាប់ជាសះស្បើយពីជម្ងឺ និងសូមឱ្យគិតគូពីបញ្ហាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ចូលរួមការពារសុខសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ថែរក្សាសុខសន្តិភាពដើម្បីប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ៕