(ស្ទឹងត្រែង)៖ លោក ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ជុំវិញខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សមាគមខ្មែរ-ឥស្លាម សមាគមខ្មែ-ចិន សមាគមវៀតណាម និងប្រជារាស្រ្តគ្រប់ជនជាតិទូទាំងខេត្តស្ទឹងត្រែង គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ នៃការយាងសោយទីវង្គត់ ដែលបានរៀបចំឡើងនៅសាលាខេត្តស្ទឹងត្រែង។
ប្រជារាស្រ្តទូទាំងខេត្តស្ទឹងត្រែង ជាកូនចៅ ចៅទួត ចៅលួត សូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមបានយាងទៅយាងទៅកាន់ឋានបរមសុខ បរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
កូនចៅ ចៅទួត ចៅលួត ពិតជាចងចាំមិនអាចបំភ្លេចបាននូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ និងបានយាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង១៖២០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សា ដោយជរាពាធ។
ព្រះបរមសពរបស់ទ្រង់ត្រូវបានដង្ហែពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយព្រះករុណាព្រះបាទ នរោត្តម សីហមុនី និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង០២៖៣០រសៀល។ ការដង្ហែព្រះបរមសពពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកព្រះបរមរាជវាំង កាត់តាមវិមានឯករាជ្យ មានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។
ព្រះបរមសពរបស់ទ្រង់ត្រូវបានតម្កល់នៅព្រះបរមរាជវាំងប្រមាណតិច៣ខែ។ ក្រោយរយ:ពេល៣ខែមកនៅ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ត្រូវបានប្រារព្ធពិធីដង្ហែចេញពីព្រះបរមរាជវាំង ទៅកាន់វាលព្រះមេរុ ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង។
គួរកត់សម្គាល់ផងដែរ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កាលព្រះអង្គនៅមានព្រះជន្ន ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារំាង ហើយប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ» និងចាប់ពីឆ្នាំ១៩៥៣ ដល់១៩៧០មក ព្រះអង្គជាក្សត្រគ្រប់គ្រងដែលមានឥទ្ធិពលរបស់កម្ពុជា៕