(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៦ឆ្នាំ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ ខ្មែរ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌលសួនច្បារ ខាងកើតវិមានឯករាជ្យ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ និងបានយាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង១៖២០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សា ដោយជរាពាធ។
ព្រះបរមសពរបស់ទ្រង់ត្រូវបានដង្ហែពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយព្រះករុណាព្រះបាទ នរោត្តម សីហមុនី និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង០២៖៣០រសៀល។ ការដង្ហែព្រះបរមសពពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកព្រះបរមរាជវាំង កាត់តាមវិមានឯករាជ្យ មានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។
ព្រះបរមសពរបស់ទ្រង់ត្រូវបានតម្កល់នៅព្រះបរមរាជវាំងប្រមាណតិច៣ខែ។ ក្រោយរយ:ពេល៣ខែមកនៅ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ត្រូវបានប្រារព្ធពិធីដង្ហែចេញពីព្រះបរមរាជវាំង ទៅកាន់វាលព្រះមេរុ ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង។
គួរកត់សម្គាល់ផងដែរ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កាលព្រះអង្គនៅមានព្រះជន្ន ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារំាង ហើយប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ» និងចាប់ពីឆ្នាំ១៩៥៣ ដល់១៩៧០មក ព្រះអង្គជាក្សត្រគ្រប់គ្រងដែលមានឥទ្ធិពលរបស់កម្ពុជា៕