(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះថា ចំពោះមន្ដ្រីនគរបាលក្រុងកំពតម្នាក់ ដែលបានដកកាំភ្លើងភ្ជង់ប្រជាពលរដ្ឋនៅតំបន់ទឹកឈូ កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលខេត្ត សម្រេចដាក់ពិន័យនៅការិយាល័យបុគ្គលិក និងស្នើដកតួនាទី។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាក់ផងដែរថា សំណុំរឿងនេះប្រជាពលរដ្ឋ ដែលត្រូវបានមន្ដ្រីនគរបាលដកកាំភ្លើងភ្ជង់នោះ មិនបានមកដាក់ពាក្យបណ្ដឹងអ្វីនោះទេ ពោលក្រោយពេលកើតហេតុ ពួកគាត់បានធ្វើដំណើរបន្ដទៅមុខទៀត។
សូមជម្រាបថា មន្ដ្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពតម្នាក់ ក្នុងឯកសណ្ឋានស៊ីវិល បានដកកាំភ្លើងខ្លីចេញពីក្នុងកែបម៉ូតូ ទៅភ្ជង់គំរាមប្រជាពលរដ្ឋនៅតាមដងផ្លូវ នៅតំបន់ទឹកឈូ ហើយត្រូវការគេថតវីដេអូបានបង្ហោះចែកចាយពេញបណ្ដាញសង្គម Facebook បង្កឲ្យមានការរិះគន់ខ្លាំងៗផងដែរ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ បានបញ្ជាឲ្យកម្លាំងជំនាញចុះស្រាវជ្រាវ និងឃាត់ខ្លួនមន្ដ្រីនគរបាលរូបនោះមកសួរនាំផងដែរ។ បើតាមលោកស្នងការ បានបញ្ជាក់ថា មន្រ្តីនគរបាលរូបនេះមានឈ្មោះ ម៉េង ដា បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពត។
តាមការចែកចាយក្នុងបណ្ដាញសង្គម Facebook នោះ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវចូលទឹលឈូរ ខេត្តកំពត កាលពីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ៕