(កំពង់ចាម)៖ ឪពុក និងកូន២នាក់ ត្រូវបានឃាតកដៃឆៅយកកាំបិតខ្វាវកាប់ប្រហារ បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅចំណុចភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយសារតែមានទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី នៅវេលាម៉ោង០៥៖៣០នាទីល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែតុលានេះថា ជនរងគ្រោះដែលស្លាប់ក្នុងករណីឃាតកម្មនេះ ទី១៖ឈ្មោះ នី ណុន អាយុ៥៣ឆ្នាំ ជាឪពុក, ទី២៖ឈ្មោះ ណុន ឆវ័ន អាយុ១៩ឆ្នាំ និងទី៣៖ឈ្មោះ ណុន វី អាយុ២២ឆ្នាំ។ ជនដៃដល់ឈ្មោះ ឯម ភៀន អាយុ៤១ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នៅមុនពេលកើតហេតុឈ្មោះ ឯម ភៀង និងឈ្មោះ ណុន វី បានផឹកស៊ីជាមួយគ្នានៅនឹងផ្ទះរបស់ឈ្មោះ ឯម ភៀង ហើយក៏ទំនាស់ពាក្យសំដីហើយឈ្មោះ ឯម ភៀង ក៏យកកាបិតខ្វាវរបស់ខ្លួនមកកាប់កាប់ឈ្មោះ ណុន វី បណ្តាលឲ្យរងរបួសបន្តិចហើយឈ្មោះ ណុន វី ក៏និយាយថា មិនអីទេប៉ុណ្ណឹង ហើយក៏ចេញដើរទៅផ្ទះរបស់ខ្លួនមួយសន្ទុះក៏នាំឈ្មោះ នី ណុន និងឈ្មោះ ណុន ឆវ័ន ត្រូវជាឪពុក និងប្អូនរបស់ខ្លួនមករករឿង ឈ្មោះ ឯម ភៀង ដល់ផ្ទះម្តងទៀតដោយមានពូថៅ និងដំបងជាប់នឹងដៃ ពេលនោះឈ្មោះ ឯម ភឿង ក៏យកកាំបិតខ្វែវកាប់ទៅលើអ្នកទាំងបីបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុពីរនាក់ ឈ្មោះ នី ណុន និងឈ្មោះ ណុន ឆវ័ន ចំណែកឈ្មោះ ណុន វី ស្លាប់ពេលដឹកដល់មន្ទីពេទ្យបាធាយ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ក៏បានបញ្ជាក់ដែរថា ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ បានចុះទៅដល់កន្លែងកើតហេតុភា្លមៗ និងចាប់ខ្លួនជនដៃដល់ផងដែរ ហើយបានបញ្ជូនទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាធាយ ទើបព្រឹកនេះបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕