(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នឹងដឹកនាំក្រុមកីឡាករបាល់ទាត់ខេត្តកំពង់ចាម ទៅប្រកួតលក្ខណៈមិត្តភាពជាមួយក្រុមកីឡាករខេត្តតៃនិញ ប្រទេសវៀតណាម នាចុងខែតុលានេះ។
មុនពេលចេញដំណើរទៅនៅវៀតណាម លោក គួច ចំរើន បានជួបសំណេះសំណាលជាមួយក្រុមកីឡាករជាមុនសិន នៅកីឡដ្ឋានបាល់ទាត់ខេត្តកំពង់ចាម នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ ដើម្បីណែនាំនូវអនុសាសន៍មួយចំនួន។
លោកអភិបាលខេត្តបានថ្លែងថា ប្រតិភូកីឡាករកម្ពុជានឹងត្រូវចេញដំណើរនៅថ្ងៃទី២៦ ខែតុលាខាងមុខ ហើយនារសៀលថ្ងៃទី២៧ នឹងធ្វើការប្រកួតតែម្តង។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្តបានណែនាំដល់គ្រូបង្វឹកសូមឱ្យកីឡាករទាំងអស់ មានការហ្វឹកហាត់ឱ្យបានទៀងទាត់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃចេញដំណើរទៅប្រកួត។ ទន្ទឹមនឹងនេះ សូមឱ្យកីឡាករទាំងអស់ត្រូវមានស្មារតីរឹងប៉ឹង និងត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ នៅថ្ងៃចេញដំណើរទៅ។
បើតាមលោកអភិបាលខេត្ត ឱ្យតែមានការហ្វឹកហាត់បានល្អ និងខិតខំប្រកួតឱ្យអស់ពីលទ្ធភាព ការចាញ់ឈ្នះវាជារឿងធម្មតាទេ។ លោកអភិបាលខេត្តបានចែកជូននូវសម្លៀកបំពាក់ ស្បែកជើង ស្រោមជើង និងសម្ភារៈដល់ក្រុមកីឡាករទាំងអស់ ព្រមទាំងបានឧបត្ថម្ភថវិកាក្នុងម្នាក់ថវិកា ៥០,០០០រៀល និងទឹកផ្លែឈើ១កេះផងដែរ៕