(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានដឹកនាំគណៈស្នងការ កងកម្លាំងប្រដាប់អាវុធទាំងបី និងសមាជិក សមាជិកាពាក់ព័ន្ធក្នុងស្រុកស្ទឹងត្រង់ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក អំ លាងហេង អតីតអធិការនគរបាលស្រុកស្ទឹងត្រង់ ដែលបានទទួលមរណភាព។
ក្នុងការអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក អំ លាងហេង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ ឯម កុសល និងសហការី បានអុជធូបបួងសួងឧទ្ទិស ទៅដល់វិញ្ញាណក្ខន្ធទាំងអារម្មណ៍ក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ក្នុងការបាត់បង់នូវអតីតអធិការដ៏សកម្មម្នាក់ ដែលធ្លាប់បានបម្រើជាតិមាតុភូមិ អស់រយៈពេលច្រើនឆ្នាំកន្លងមក។
ក្នុងឱកាសនោះ លោកបាននាំយកនូវថវិការបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សរុបចំនួន១,៩៦០,០០០រៀល និងប្រាក់៨០ដុល្លារ, អង្ករ០១បេ, ទឹកក្រូច០៥កេះ, ទឹកសុទ្ធ០៥កេះ និងថវិការបស់សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន៤,០០០,០០០រៀល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានថវិកាទាំងនេះ បានប្រគល់ជូនគ្រួសារ នៃសព ដើម្បីចាត់ ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលអ្នកទទួលបណ្ដាំឈ្មោះ ហេង ដាវី ត្រូវជាកូនបង្កើត រស់នៅភូមិព្រែកបារាំង ឃុំព្រែកកក ស្រុកស្ទឹងត្រង់។
សូមជម្រាបថា លោក អំ លាងហេង បានទទួលមរណភាពក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ កាលពីវេលាម៉ោង០៦៖៥២នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨៕