(ត្បូងឃ្មុំ)៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សានៃសាលារៀនអន្តរជាតិអាល់រ៉ូសម៉ានចំនួន ១ខ្នង មាន២ជាន់ ១០បន្ទប់ ស្ថិតនៅភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៤ ខែតុលានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ខ្មែររួមគ្នានៅក្រោមដំបូលសុខសន្តិភាព ប្រទេសផ្សេងមិនអាចធ្វើអ្វីបានឡើយ ពិសេសសម្ដេចតេជោបានមានប្រសាសន៍ហើយថា យើងត្រូវរួមគ្នាឈរឡើងដើម្បីការពារឯករាជ្យ សន្តិភាព និងអធិបតេយ្យភាពរបស់ខ្មែរយើង មិនឱនក្បាលចំពោះនរណាទាំងអស់។
លោកបានឱ្យដឹងថា សមទ្ធិផលដែលយើងមានថ្ងៃនេះ បានដោយសារការចូលរួមពីតួអង្គសំខាន់ៗ រួមមាន សប្បុរសជនដែលមានទឹកចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនចូលរួមនៅក្នុងការកសាង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានជួយសម្របសម្រួល និងជំរុញការកសាងសមិទ្ធផលនៅថ្ងៃនេះ។ តួអង្គសំខាន់មួយទៀត គឺសុខសន្តិភាព និងគោលនយោបាយត្រឹមត្រូវ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ដែលបង្កឱកាសឱ្យសប្បុរសជនចូលរួមអភិវឌ្ឍ ជួយប្រជាពលរដ្ឋកម្ពុជា និងផ្ដល់សិទ្ធិសេរីភាពនៅក្នុងជំនឿសាសនាផ្សេងៗនៅកម្ពុជា។ នេះគឺជាស្មារតីនៃការចូលរួម ស្មារតីរួមគ្នានៅក្នុងការកសាងនៅក្រោមដំបូលនៃសន្តិភាព។
លោកបានសង្កត់ធ្ងន់ថា គោលនយោបាយទាំងអស់ដែលយើងមាននៅថ្ងៃនេះ គឺបានមកពីការចូលរួមប្រទេសជាមិត្តជាដៃគូ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺយើងជាខ្មែរ យើងរួមគ្នាធ្វើក្រោមដំបូលសុខសន្តិភាពតែមួយ។ យើងបានបញ្ចប់សង្រ្គាម និងកសាងប្រទេសដោយខ្មែរតែមួយ នេះជាស្មារតីជាតិនិយមរបស់យើង ខ្មែរដើម្បីខ្មែរទាំងអស់គ្នា។
នៅពេលដែលយើងមានសុខសន្តិភាព ស្ថិរភាព ដំណើរការអភិវឌ្ឍចេះតែទៅមុខ។ ជាក់ស្ដែងតំបន់នេះពីមុនយើងគ្មានអីសោះ ប៉ុន្តែថ្ងៃនេះយើងមានសមទ្ធិផលហើយ ២០ទៅ៣០ឆ្នាំទៅមុខទៀត យើងមានសមិទ្ធផលច្រើនទៀតសម្រាប់កូនចៅជំនាន់ក្រោយ ប៉ុន្តែទាល់តែយើងរួមគ្នាកសាងទៅមុខ។ ដូច្នេះយើងរួមគ្នាបន្តទៀត ដើម្បីថែរក្សាសុខសន្តិភាព រួមគ្នាកសាងប្រទេសយើង ក្នុងនាមជាខ្មែរយើង រួមគ្នាការពារខ្មែរយើង។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា យើងបានកសាងមកដល់ថ្ងៃនេះ មិនមានន័យថាយើងមិនស្វាគមន៍មិត្តភាពជាមួយបណ្តាប្រទេសនោះទេ យើងស្វាគមន៍មិត្តទាំងអស់ដែលជាមិត្តពិតប្រាកដមិនមែនជាមិត្តក្លែងក្លាយនោះទេ។ មិត្តដែលពិតប្រាកដ គឺជួយដោយចិត្តស្មោះដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ យើងទទួលដើម្បីឲ្យប្រជាពលរដ្ឋយើងមានបាន។
បើអ្នកជាមិត្តពិតប្រាកដរបស់កម្ពុជាត្រូវឱ្យច្បាស់ជាមួយគ្នា កុំនិយាយតែមិត្តតាពាក្យពេចន៍ នៅពីក្រោយមានរូបភាពបំផ្លាញយើង បំផ្លាញសន្តិភាព យើងអត់ទទួលទេ។ មិត្តដ៏ល្អមួយទៀត គឺជាមិត្តដែលគោរពគ្នាទៅវិញទៅមក មិត្តខ្លះអាងតែប្រទេសធំមើលងាយយើងណាស់។ វាមិនសំខាន់ថាអ្នកមានប៉ុន្មាននោះទេសំខាន់យើង ធ្វើការជាមួយគ្នាត្រូវគោរពគ្នាទៅវិញទៅមក ព្រោះយើងក៏ជាប្រទេសជាតិមួយដូចគ្នា។
ខ្មែរបានកសាងប្រទេសមកដល់ថ្ងៃនេះដោយសារយើងរួមគ្នាធ្វើ។ ខ្មែរយើងសម្រេចជោគវាសនាដោយខ្លួនឯង មិនអាចឲ្យគេបង្គាប់បញ្ជាបាននោះទេ។ ប្រជាពលរដ្ឋជាង ៨០ភាគរយ បានបោះឆ្នោតគាំទ្រសម្ដេចតេជោដឹកនាំប្រទេស។ ដូច្នេះយើងស្រាប់ប្រជាពលរដ្ឋខ្មែរយើងមិនស្តាប់បរទេសនោះទេ។
អ្នកដែលរាជរដ្ឋាភិបាលត្រូវស្ដាប់ គឺស្ដាប់ប្រជាពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋខ្មែរចង់បានអ្វី គឺចង់បានសេចក្តីសុខ សន្តិភាព។ ដូច្នេះសម្តេចតេជោ ត្រូវធ្វើយ៉ាងណាដើម្បីថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋឲ្យបានដាច់ខាត។ ប្រជាពលរដ្ឋចង់បានកិត្តិយសជាតិខ្មែរ ចង់បានមោទនភាពជាតិខ្មែរ ចង់បានចេញទៅក្រៅស្មើមុខស្មើមាត់នឹងគេ មិនចង់ឲ្យនៅក្នុងគំនាបរបស់នរណាទេ។ យើងជាខ្មែរ យើងចង់បានជាតិខ្មែរយើងថ្កុំថ្កើង បរទេសទទួលស្គាល់ និងគោរពយើងទៅវិញទៅមក។ ដូច្នេះសម្តេចតេជោ ត្រូវដឹកនាំប្រទេសមួយដែលមានអធិបតេយ្យភាព ឯករាជ្យជាតិ កិត្តិយសជាតិមិនលល់តួជាមួយបរទេសណាមួយទេ។ យើងធ្វើយើងរួមគ្នាធ្វើ។ ខ្ញុំនិយាយនេះ គឺជាមោទនភាពជាតិខ្មែររួមគ្នានៅថ្ងៃនេះ ហើយចង់ផ្ញើសារទៅអ្នកនយោបាយមួយចំនួន ដែលមានសញ្ជាតិពីររស់នៅក្រៅប្រទេស ដែលរត់ទៅពឹងបរទេសមកធ្វើបាបខ្មែរ ចង់ឲ្យរដ្ឋាភិបាលខ្មែរយើងលុតជង្គង់តាមគេប្រាប់ថាឆ្វេង ឆ្វេង ស្ដាំ ស្ដាំ ទៅមិនរួចទេ កុំសង្ឃឹមឲ្យសោះ។
លោកបានបន្ថែមថា ថ្នាក់ដឹកនាំខ្មែរដែលមានគំនិតជាតិនិយមបម្រើប្រជាពលរដ្ឋខ្មែរ អត់បម្រើឲ្យបរទេសណានោះទេ។ ដូច្នេះប្រជាពលរដ្ឋបោះឆ្នោតជូនសម្តេចតេជោ គឺមិនខុសទេ គឺយើងធ្វើតាំងពីប្រទេសយើងនៅទន់ខ្សោយ ឥលូវយើងរឹងមាំ ពេលចេញទៅណាគេទទួលស្គាល់ជាជាតិមួយដែលមានកិត្តិយស និងមោទនភាព៕