(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ បានទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋស្លូវ៉ាក ដឹកនាំដោយ លោក Peter Kazimir ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុស្លូវ៉ាក ក្នុងដំណើរមកបំពេញទស្សនកិច្ច នៅខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋស្លូវ៉ាក ដែលដឹកនាំដោយ លោក ភីធើ កាស្ស៊ីមៀ (Peter Kazimir) នៅលើទឹកដីកម្ពុជា ជាសក្ខីភាពយ៉ាងមុតមាំដែលឆ្លុះបញ្ចាំង ឲ្យឃើញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ យ៉ាងស្អិតរមួត និងល្អផូរផង់ រវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទាំងពីរ (កម្ពុជា-ស្លូវ៉ាក) ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
ឆ្លៀតឱកាស នៃដំណើរទស្សនកិច្ចនេះដែរ លោក ឃឹម ប៊ុនសុង បានស្នើឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវ៉ា ជួយជំរុញនូវការវិនិយោគបន្ថែមនៅកម្ពុជា ពិសេសក្នុងខេត្តសៀមរាបផងដែរ លើវិស័យមួយចំនួន រួមមាន វិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលជាវិស័យសក្តានុពលរបស់កម្ពុជា។
បើតាមអភិបាលខេត្តសៀមរាប កម្ពុជា និងសាធារណរដ្ឋស្លូវ៉ាក បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាកាលពីឆ្នាំ១៩៩៧ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយតាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា យាងទៅបំពេញព្រះរាជ កិច្ចនៅសាធារណរដ្ឋស្លូវ៉ាក កាលពីកំឡុងឆ្នាំ២០០៦ និងតាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក អ៊ីវ៉ាន ហ្កាស្ប៉ារ៉ូវ៉ិច (Ivan Gasparovic) ប្រធានាធិបតី នៃសាធារណរដ្ឋស្លូវ៉ាក និងប្រតិភូជាន់ខ្ពស់មកកាន់កម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១០កន្លងទៅនេះ ប្រទេសទាំងពីរ បានធ្វើកិច្ចការជាច្រើន ក្នុងន័យបង្កើននូវចំណងមិត្តភាព សាមគ្គីភាពទ្វេភាគី ជាពិសេស គឺការពង្រីកនូវសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរឹងមាំជាបន្តបន្ទាប់ បើទោះបីជាប្រទេសទាំងពីរនៅពុំទាន់មានស្ថានទូតនៅក្នុងប្រទេសរៀងខ្លួននៅឡើយ។
ដើម្បីអបអរសាទរដល់ដំណើរទស្សនកិច្ចផ្លូវការ របស់លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវ៉ាក និងប្រតិភូអមដំណើរនៅលើទឹកដីខេត្តសៀមរាប លោក ឃឹម ប៊ុនសុង មានក្តីមោទនភាព និងមានកិត្តិយសដោយ បានរៀបចំពិធីលៀងសាយសាយភោជន៍ ជូនដើម្បីផ្តល់នូវបដិសណ្ឋារកិច្ច និងអំណរសាទរប្រកបដោយទឹកចិត្តសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅលើទឹកដីដ៏ពិសិដ្ឋនេះ៕