(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកឆ្លូង និងស្រុកស្នួល ខេត្តក្រចេះ ក្រោមការសម្របសម្រួលដោយ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ បានចុះបង្ក្រាបរថយន្ដសាំងយ៉ុងកែទ្រុងមួយគ្រឿង ដែលដឹកឈើពេញប្រៀប នៅចំណុចភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បម្រុងលោតឆ័ត្រឆ្លងទៅប្រទេសវៀតណាម។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងចម្រុះដែលចូលរួមបង្ក្រាបរថយន្ដដឹកឈើ១គ្រឿងនោះ រួមមាន កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្នួល កម្លាំងផ្នែករដ្ឋបាលព្រៃឈើឆ្លូងស្នួល នគរបាលខេត្ត អាវុធហត្ថ បង្ក្រាបរថយន្ដសាំងយ៉ុងកែទ្រុងដឹកឈើប្រភេទសុក្រំ និងឈើកកោះពេញរថយន្ដតែម្ដង តែមិនបានឃាត់ម្ចាស់រថយន្ដនោះទេ ព្រោះក្រោយពីឃាត់រថយន្ដជាប់អ្នកបើកបររថយន្តរត់ចោលរថយន្ដតែម្ដង ហើយមិនស្គាល់អត្តសញ្ញាណម្ចាស់រថយន្ដនោះទេ។
សមត្ថកិច្ចបន្តទៀតថា រថយន្ដមួយគ្រឿងនោះដឹកឈើចេញពីស្រុកចិត្របុរី ឆ្លងកាត់ស្រុកស្នួលបម្រុងលោតឆ័ត្រទៅប្រទេសវៀតណាម តែមិនបានសម្រេច ក៏ត្រូវជាប់អន្ទាក់សមត្ថកិច្ចតែម្តង។
លោក ជា បញ្ញា នាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង ស្នួលបានបញ្ជាក់ថា ឈើទាំងនោះប្រភេទឈើលេខ១ មានចំនួន១៩ដុំ តែមិនទាន់ដឹងចំនួនម៉ែត្រគូប ព្រោះកម្លាំងជំនាញធ្វើការវាស់វែងមិនទាន់រួច ហើយឈើ និងរថយន្ដត្រូវបានកម្លាំងជំនាញនាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ដើម្បីចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕