(ភ្នំពេញ)៖ វិដេអូកាមេរ៉ាសុវត្ថិភាពដែលស្ថិតនៅកន្លែងកើតហេតុ បានបង្ហាញយ៉ាងច្បាស់អំពីព្រឹត្តិការណ៍ករណីផ្ទុះអាវុធជាច្រើនគ្រាប់ ដោយមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ ក្នុងគោលបំណងសហការជាមួយកម្លាំងនគរបាលដើម្បីចាប់ក្មេងស្ទាវ ដែលសង្ស័យមុខសញ្ញា ដែលកំពុងជិះម៉ូតូរត់គេចពីកម្លាំងនគរបាល កាលពីម៉ោង១២៖៥៥នាទីយប់ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងផ្លូវលំលេខ៣៤៥ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (សូមទស្សនាវិដេអូ)
នៅក្នុងវិដេអូដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះបានបង្ហាញថា មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេសដែលរងការចោទប្រកាន់រូបនោះ នៅពេលឃើញកម្លាំងនគរបាលជិះម៉ូតូស្ទាក់ចាប់ក្រុមក្មេងស្ទាវ ខ្លួនក៏បានដកកាំភ្លើងបាញ់ គោលបំណងដើម្បីទប់ស្កាត់កុំឲ្យក្មេងស្ទាវរត់គេច។
សូមជំរាបថា នៅម៉ោង១២៖៥៥នាទីយប់ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងផ្លូវលំលេខ៣៤៥ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ប្រជាការពារសង្កាត់ឬស្សីកែវម្នាក់ រងការបាញ់ប្រហារពីបុរសម្នាក់ជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យត្រូវជើងរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែនៅពេលនេះតាមរយៈវិដេអូបានបង្ហាញថា មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេសរូបនោះចូលរួមសហការជាមួយកម្លាំងនគរបាលតែប៉ុណ្ណោះ។