ស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូង រៀបចំពិធីបង្សុកូល ឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
14-10-2018 14:14
(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨នេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំពិធីបង្សុកូល ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ គម្រប់ខួប៦ឆ្នាំ នៃការយាងចូលទីវង្គតរបស់ព្រអង្គ (១៥ តុលា ២០១២ - ១៥ តុលា ២០១៨)។
ពិធីនេះដឹកនាំការរៀបចំដោយ លោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង និងមានការចូលរួមពីមន្រ្តីនានាក្នុងស្ថានទូ ដោយបានបួងសួង សូមដួងព្រះវិញាណក្ខ័ន្តព្រះបរមរតនកោដ្ឋទ្រង់គង់ប្រថាប់ ដោយសុខក្សេមក្សាន្តនាទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
គួររំលឹកថា ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គត នៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម « ព្រះបរមរតនកោដ្ឋ» ៕