(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកឆ្លូង ខេត្តក្រចេះ បានសហការជាមួយកម្លាំងជលផលខេត្តត្បូងឃ្មុំ រួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បើកប្រតិបត្តិការរួមគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងព្រែកឆ្លូង នៅចំណុចកំពង់ជ្រៃ ឃុំកំពង់ដំរី ស្រុកឆ្លូង ជាប់ព្រំប្រទលខេត្តត្បូងឃ្មុំ និងបានដកហូតវត្ថុតាងជាច្រើនយកទៅបំផ្លាញចោល។
អភិបាលរងស្រុកឆ្លូង លោក ធីម ស៊ាងឡេង បានឱ្យដឹងថា ប្រតិបត្តិការចម្រុះនេះធ្វើឡើងនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ដោយក្នុងនោះកម្លាំងចម្រុះចូលរួម រួមមាន៖ កម្លាំងសាលាស្រុកឆ្លូង កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ កម្លាំងខណ្ឌជលផលខេត្តត្បូងឃ្មុំ និងកម្លាំងកងរាជអាវុធហត្ថ។
លោកអភិបាលរងបានបន្តថា ក្នុងប្រតិបត្តិការខាងលើ កម្លាំងចម្រុះបានចុះរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ មានដូចជាដៃចាប់ត្រីចំនួន១វង់។ ឯម្ចាស់ដៃចាប់ត្រីនោះមានឈ្មោះ លី អែល រស់នៅឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយសមត្ថកិច្ចជំនាញបានហៅបុគ្គលរូបនេះ ទៅណែនាំអប់រំឱ្យល់ដឹងពីច្បាប់ជលផល និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើឧបករណ៍ដៃចាប់ត្រីតាមដងព្រែកបន្តទៀត។
ជាមួយគ្នានេះ លោក ធីម ស៊ាងឡេង ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ឱ្យបញ្ឈប់ការនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជា លូល្បៃមុង ដៃចាប់ត្រី និងឧបករណ៍ឆក់ជាដើម៕