(បាត់ដំបង)៖ ខណៈមន្ត្រីជំនាញមិនបានចុះត្រួតពិនិត្យ និងមិនហ៊ានប៉ះពាល់ផងនោះ ក្រុមហ៊ុនជីកដីលក់មួយដែលមាន លោក ហេង អេង ជាថៅកែល្បីឈ្មោះម្នាក់នៅក្រុងបាត់ដំបង បានបន្តអាជីវកម្មជីកដីកាន់តែជ្រៅទៅៗប្រហែលជិតដល់ក្បាលប្រេត ជាហេតុហួសពីជម្រៅដែលកំណត់ដោយច្បាប់ ពិសេសគឺកំពុងបង្កហានិភ័យដល់ប្រជាពលរដ្ឋ កូនចៅ និងសត្វពាហនៈរបស់ពួកគាត់ ដែលនៅរស់នៅជុំវិញនោះ។
ទីតាំងអាជីវកម្មជីកដីដែលបង្កហានិភ័យដល់ប្រជាពលរដ្ឋខាងលើ ស្ថិតនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ដោយជួបនឹងទុក្ខព្រួយយ៉ាងនេះហើយ ទើបប្រជាពលរដ្ឋនៅតំបន់នោះ ទទូចសុំកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចឱ្យដោះស្រាយរឿងនេះ ខណៈពួកគាត់ពិតជាមានការព្រួយបារម្មខ្លាំងណាស់ ពីបញ្ហាផ្សេងៗដែលអាចបង្កផលប៉ះពាល់ ដោយរណ្តៅដីមានជម្រៅជិត ២០ម៉ែត្រ បើក្មេងទៅលេងជិតរណ្តៅនោះអាចរអិលជើងលង់ទឹកស្លាប់ និយាយរួម បង្កហានិភ័យខ្លាំងដល់មនុស្ស និងសត្វគោក្របីជាដើម ពិសេសប៉ះពាល់ដល់បរិស្ថាន នៅក្នុងតំបន់របស់ពួកគាត់រស់នៅប្រចាំថ្ងៃផងដែរ។
បើតាមលោក អ៊ាន មាឃ ប្រធាមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានបញ្ជាក់តាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៤ ខែតុលានេះថា តាមច្បាប់បានកំណត់ ឲ្យជីកជម្រៅ៥ម៉ែត្រ ទំហំ១ហិកតា ដោយតម្រូវឲ្យដាំដើមឈើព័ទ្ធជុំវិញរណ្តៅផង។
លោកបានបន្តថា ក្នុងច្បាប់បានកំណត់ថា បើអាជីវករដែលមានច្បាប់ឲ្យធ្វើអាជីវកម្មហើយ តែមិនគោរព ហើយជីកលើសច្បាប់កំណត់ មន្ទីរជំនាញអាចហៅមកពិន័យបាន ២ដំណាក់កាល៖ ទី១. ត្រូវពិន័យតាមតម្លៃសួយសារគុណនឹងពីរ, ទី២. បើមិនរៀងចាលត្រូវបញ្ឈប់អាជ្ញាប័ណ្ណមិនឲ្យធ្វើអាជីវកម្មបន្តទៀត ហើយតម្រូវឲ្យលុបរណ្តៅនេះវិញឲ្យដូចដើមតែម្តង។
លោកបានបន្ថែមថា ករណីនេះក៏មានសមត្ថកិច្វពាក់ព័ន្ធត្រួតពិនិត្យ ដូចជា ផ្នែកសិប្បកម្ម និងមន្ទីរបរិស្ថានចូលរួមពិនិត្យផងដែរ ហើយលោកនឹងចាត់មន្រ្តីជំនាញចុះទៅត្រូតពិនិត្យឆាប់ៗនេះផងដែរ៕