(ភ្នំពេញ)៖ បើយើងនិយាយដល់ បទល្មើសរំលោភលើទំនុកចិត្ត ឃើញថានៅមានប្រជាពលរដ្ឋមួយចំនួន តែងតែមានការយល់ច្រលំ និងមានលំបាកក្នុងការបែងចែកឲ្យដាច់ជាមួយ នឹងការមិនអនុវត្តកាតព្វដែលមានចែងក្នុងកិច្ចសន្យា ដោយសាតែសកម្មភាពទាំងពីរនេះ មានលក្ខណៈមួយចំនួនស្រដៀងគ្នា។
ដូចនេះទើបកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បទល្មើសរំលោភលើទំនុកចិត្ត» មកបកស្រាយដូចខាងក្រោម៖
សញ្ញាណនានានៃបទល្មើស “រំលោភលើទំនុកចិត្ត” ត្រូវបានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ ចាប់ពីមាត្រា៣៩១ ដល់មាត្រា៣៩៦ ដែលក្នុងនោះក្នុងមាត្រា៣៩១ បានចែងទាក់ទងនឹងនិយមន័យ នៃការរំលោភលើទំនុកចិត្តថា «អំពើរំលោភលើទំនុកចិត្ត គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ នាំឲ្យខូចប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឲ្យបុគ្គលនោះ ហើយបុគ្គលនោះ បានយល់ព្រម ដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ទៅធ្វើការប្រើប្រាស់ជាកំណត់» ។ ឧទាហរណ៍៖ លោក ក បានខ្ចីរថយន្តរបស់លោក ខ យកទៅប្រើប្រាស់មួយរយៈ ប៉ុន្តែដល់ពេលដែលត្រូវប្រគល់រថយន្តត្រលប់មកម្ចាស់គេវិញ លោក ក មិនបានប្រគល់រថយន្តឲ្យ លោក ខ វិញឡើយ បែរជាមានគំនិតទុចរិតយករថយន្តនោះ ទៅលក់ដើម្បីលេងល្បែង។ ក្នុងករណីនេះ លោក ក បានប្រព្រឹត្តអំពើរំលោភលើទំនុកចិត្ត ដោយសារគាត់មានចេតនាទុច្ចរិត ដោយមិនបានប្រគល់រថយន្តនោះទៅម្ចាស់គេវិញ ហើយថែមទាំងយកទៅលក់ថែមទៀត។
ចំពោះទោសដែលត្រូវអនុវត្តវិញ អនុលោមតាម មាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា «អំពើរំលោភលើទំនុកចិត្ត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ៦,០០០,០០០ (ប្រាំមួយលាន) រៀល» ។ ម៉្យាងវិញទៀត បទល្មើសរំលោភទំនុកចិត្តក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀល ទៅ ១០,០០០,០០០ (ដប់លាន) រៀល ផងដែរ ។ កាលបើអំពើរំលោភទំនុកចិត្តនេះ ត្រូវបានប្រព្រឹត្តដោយអភិបាល ឬអ្នកត្រួតពិនិត្យ របស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលមូលនិធិ ឬបុគ្គលដែលត្រូវបានតុលាការជ្រើសតាំងឱ្យ ធ្វើជំនួសនូវកិច្ចការរបស់អ្នកទាំងនេះ ឬនិយោជិតដែលទទួលអាណត្តិពីនីតីបុគ្គល ដែលប្រព្រឹត្តអំពើណាមួយដែលជាការរំលោភលើទំនុកចិត្តក្នុងគោលបំណងទទួលផលប្រយោជន៍ ដល់ខ្លួន ឬតតិយជន ឬក្នុងគោលបំណងធ្វើឱ្យ ខូចខាតដល់នីតិបុគ្គល ហើយបានបណ្តាលឱ្យមានការខូចខាត ទ្រព្យសម្បត្តិរបស់នីតិបុគ្គលនោះ។
មិនតែប៉ុណ្ណោះ អំពើរំលោភលើទំនុកចិត្តក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀល ទៅ ១០,០០០,០០០ (ដប់លាន) រៀល ផងដែរ ប្រសិនបើគេរកឃើញថាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មើស ។ ចំពោះស្ថានទម្ងន់ទោសនេះដែរ ក្នុងមាត្រា ៣៩៤ បានចែងពីលក្ខណៈដែលអាចកំណត់ថាជាស្ថានទម្ងន់ទោសបានទាល់តែ បទល្មើសនោះប្រព្រឹត្តឡើង៖
* ដោយបុគ្គលណាម្នាក់ដែលបានធ្វើការអំពាវនាវដល់សាធារណៈជន ដើម្បីទទួលបានមូលនិធិ ឬតម្លៃសម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន ឬជាប្រយោជន៍សម្រាប់សហគ្រាសឧស្សហកម្ម ពាណិជ្ជកម្ម។
* ដោយអាណត្តិគាហករបស់តុលាការ ឬអ្នកជំនួយរបស់តុលាការនៅក្នុងក្របខណ្ឌនៃមុខងាររបស់ខ្លួន ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន។
* ដោយអ្នករាជការសាធារណៈ នៅក្នុងក្របខណ្ឌនៃមុខងារបស់ខ្លួន ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន។
បញ្ជាក់៖ ចំណែកការបំពានកាតព្វកិច្ច លើការអនុវត្តកិច្ចសន្យារដ្ឋប្បវេណី ឬកិច្ចសន្យាពាណិជ្ជកម្ម ពុំមែនជាកម្មវត្ថុ នៃបទល្មើសរំលោភលើទំនុកចិត្តដែលបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ នោះឡើយ។ ក្នុងករណីដែលភាគីណាមួយមិនអនុវត្តការតព្វដែលមានចែងក្នុងកិច្ចសន្យា ភាគីដែលត្រូវបានគេបំពានអាចដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណី។ ឧទាហរណ៍៖ លោក ក បានខ្ចីប្រាក់របស់លោក ខ ចំនួន USD ១,០០០០ ដោយបានចុះកិច្ចសន្យាខ្ចីបា្រក់ ដោយកំណត់យកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ជាពេលដែលលោក ក ត្រូវសងប្រាក់។
កាលកំណត់សងបានមកដល់ ប៉ុន្តែលោក ក ពុំបានសងប្រាក់មកសងតាមការកំណត់ឡើយ ក្នុងករណីនេះអំពើដែលលោក ក បានប្រពឹត្ត គឺពុំមែនជា បទល្មើសរំលោភលើទំនុកចិត្ត ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌឡើយ ប៉ុន្តែសកម្មភាពនេះជាអំពើមិនអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងក្រមរដ្ឋប្បវេណីប៉ុណ្ណោះ៕
រៀបរៀងដោយ៖ លោក ថន យូសៀង ជាប្រធានផ្នែកសេវាកម្មច្បាប់ និងសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ និងលោក ឡេង ពុទ្ធិដារា ជាជំនួយការមេធាវី នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕