(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត Highlander មួយគ្រឿង បើកបរដោយនារីម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នា ក៏ជ្រុលចង្កូតទៅបុកផ្ទប់ជាមួយម៉ូតូ PCX បណ្ដាលឲ្យអ្នកបើកម៉ូតូទៅបោកផ្ទប់ នឹងបង្គោលភ្លើង ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង ៩៖០០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ១០៧ ត្រង់ចំណុចមុខផ្ទះសំណាក់ "ណាយ" ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ថៃ ហួរ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧៣E3z ផ្លូវ២១៧ ភូមិ៣ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តព្រៃវែង។ រីឯនារីដែលជាម្ចាស់រថយន្តបង្កនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។
តាមសំដីរបស់សមត្ថកិច្ចបានប្រាប់ឲ្យភ្នាក់ងារ Fresh News ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត មួយគ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-8356 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បញ្ច្រាសទិសដៅចរាចរណ៍គ្នាជាមួយម៉ូតូ មួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GM-6079 ដោយធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង លុះពេលមកដល់ចំណុចកើតហេតុជិតផ្ទះសំណាក់ «ណាយ» ស្រាប់តែរថយន្កបង្កបានបើកគេចម៉ូតូកង់បី ក៏ជ្រុលចង្កូតទៅបុកជាមួយម៉ូតូរងគ្រោះយ៉ាងពេញទំហឹង រួចអូសទាំងអ្នកបើកបរម៉ូតូទៅជាមួយដោយបុកផ្ទប់បង្គោលភ្លើង បណ្តាលឲ្យមុតចំបំពង់កស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ នារីដែលបើកបររថយន្តបង្កខាងលើ បានរត់គេចខ្លួនបាត់ពីកន្លែង ដោយបន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុរួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តបង្ក នឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕