(កោះកុង)៖ ក្នុងរដូវភ្លៀងធ្លាក់កន្លងទៅនេះ បានធ្វើឲ្យកំណាត់ផ្លូវជាច្រើនរបស់កម្ពុជា បានរងការខូចខាតយ៉ាងដំណំ ក្នុងនោះកំណាត់ផ្លូវជាតិលេខ៤៨ ភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ស្រុកស្រែអំបិល ទៅកាន់ទីរួមខេត្តកោះកុង ក៏រងការបំផ្លេចបំផ្លាញយ៉ាងខ្លាំងផងដែរ។ ការខូចខាតនេះ កន្លែងខ្លះខូចដោយសារទឹកភ្លៀងជន់លិច ហើយខ្លះទៀតក៏ខូចដោយសារតែការដឹកលើសទម្ងន់ផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារជួសជុលផ្លូវមកពីខាងក្រសួង និងកងវិស្វកម្ម ចុះពិនិត្យ និងចាប់ផ្តើមជួសជុលផ្លូវនេះឡើងវិញហើយ ដោយគ្រោងបញ្ចប់ក្នុងអំឡុងខែធ្នូ ឲ្យបានមុនពិធីបុណ្យសមុទ្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ក៏ដូចជាទៅលេងបុណ្យសមុទ្រក្នុងខេត្តកោះកុង។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ផ្លូវដែលរងការខូចខាតនេះ មានប្រវែង ៦៣គីឡូម៉ែត្រ ចែកចេញជា ៩១កន្លែង។ លោកបានអះអាងថា បច្ចុប្បន្នលោកបានដាក់គ្រឿងចក្រ ១១៤គ្រឿងទាំងខាងក្រុមសាងសង់របស់ក្រសួង និងកងវិស្វកម្ម ដើម្បីពន្លឿនការងារជួសជុលផ្លូវនេះ ឲ្យបានមុនបុណ្យសមុទ្រនៅចុងឆ្នាំនេះ។
លោក បានបញ្ជាក់ថា ការជួសជុលផ្លូវនេះ គឺប្រើថវិការបស់រាជរដ្ឋាភិបាលទាំងស្រុងប្រមាណ ១២លានដុល្លារអាមេរិក មិនបានប្រើប្រាស់ថវិកាកម្ចីពីកូរ៉េខាងត្បូងនោះទេ ថវិកាកម្ចីរបស់កូរ៉េ គឺប្រើសម្រាប់តែសាងសង់ និងលើកកម្ពស់គុណភាពផ្លូវនេះទៅជាផ្លូវ AC ដែលគ្រោងនឹងចាប់ផ្តើមនៅពីរឆ្នាំខាងមុខ។
បច្ចុប្បន្នផ្លូវដែលរងការខូចខ្លាំងនេះ ត្រូវបានឈូសឆាយពង្រាបបានប្រមាណជា ៧០ភាគរយហើយ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសូមការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការធ្វើដំណើរ ដោយសារផ្លូវខូច ក៏ដូចជាក្នុងអំឡុងពេលជួសជុលផ្លូវនេះផងដែរ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងក្នុងឱកាសចុះពិនិត្យផ្លូវនោះថា មានផ្លូវមានក្តីសង្ឃឹម ផ្លូវល្អនាំមកនូវភ្ញៀវទេសចរ វិនិយោគិន និងការដឹកជញ្ជូនកើនឡើង ដែលជាកត្តាជំរុញដល់ការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិមានការរីកចម្រើន សំដៅកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ជាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ចូលរួមថែរក្សាផ្លូវជាតិ ដោយប្រកាន់ស្មារតីកោរពច្បាប់ដឹកជញ្ជូន ពោលមិនត្រូវដឹកលើសទម្ងន់នោះឡើយ៕