(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ត្រឡប់មកដល់កម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយទស្សនកិច្ច និងចូលរួមសន្និសីទស្តីពីការជួញដូរសត្វព្រៃខុសច្បាប់ នៅទីក្រុងឡុងដ៍ រយៈពេល២ថ្ងៃ។
សម្តេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសិទលើកទី៤ ស្ដីពីពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ពីថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស។ សន្និសីទនេះមានការចូលរួម ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល វិស័យឯកជន និងអង្គការ អន្តរជាតិ មកពីបណ្ដាតំបន់ នានាលើសកលលោក ។
សន្និសិទស្ដីពីការជួញដូរសត្វព្រៃខុសច្បាប់ ត្រូវបានប្រារព្ធធ្វើឡើង លើកដំបូងក្រោមគំនិតផ្ដួចផ្ដើមរបស់អង្គម្ចាស់ Charles នៃចក្រអង់គ្លេសកាលពីឆ្នាំ២០១៣ នៅទីក្រុងឡុងដ៍ ក្នុងគោលបំណងកៀរគរការចូលរួម ថែរក្សា និងអភិរក្សធនធានធម្មជាតិ ព្រមទាំងពង្រឹងការអនុវត្តន៍ ច្បាប់សំដៅការពារ និងទប់ស្កាត់ការធ្វើពាណិជ្ជកម្ម ខុសច្បាប់នូវសត្វព្រៃកម្រ និងផលិតផលសត្វព្រៃ ដូចជា ភ្លុកដំរី ស្នែង រមាស ជាដើម ។
ប្រធានបទសំខាន់មួយក្នុងប្រធានបទសំខាន់ដែលនឹងត្រូវលើកយកមកពិភាក្សា នៅក្នុងសន្និសីទ លើកទី៤ គឺពាក់ព័ន្ធទៅនឹងឥទ្ធិពលវិសាលភាពនៃ បទល្មើសជួញដូរ សត្វព្រៃខុសច្បាប់ ដោយថវិកាដែលបានមកពីកាជួញដូរខុសច្បាប់ ក៏បាននាំទៅដល់ការប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរមានអង្គការ ចាត់តាំងដទៃទៀត ដូចជាការសម្អាតប្រាក់អំពើភេវរកម្ម ការជួញដូរមនុស្ស ការជួញដូរអាវុធខុសច្បាប់ ។ល។
ក្នុងន័យនេះ សន្និសីទលើកទី៤ ស្ដីពីការជួញដូរសត្វព្រៃខុសច្បាប់ មិនត្រឹមតែ ជាវេទិកាគាំពារ ដល់និរន្តភាព បរិស្ថាន និងធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសក្នុងការបង្កើតសម្ព័ន្ធភាព ជិតស្និទ ដើម្បីរួមគ្នាការពាររឹងមាំ នូវសន្តិសុខនៅក្នុងប្រទេស តំបន់ និងសកលលោក ដែលសន្តិសុខ និងសន្តិភាព គឺជាមូលដ្ឋាន គ្រឹះដ៏ចាំបាច់បម្រើដល់ការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព៕