(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅតាមផ្លូវលេខ១៦៤កែង នឹងផ្លូវលេខ១៤០ ស្ថិតនៅក្នុងសង្កាត់អូរឬស្សី៣ និងសង្កាត់មនោរម្យ ខណ្ឌ៧មករា រួមជាមួយអ្នកដំណើរតាមដងផ្លូវ បានស្នើសូមឱ្យអាជ្ញាធរខណ្ឌ៧មករា មេត្តាចុះមើលកន្លែងលក់ទឹកកក និងកន្លែងផ្ញើរថយន្តនៅក្នុងសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា ដែលបង្កឱ្យមានការកុះស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ប៉ុន្តែសមត្ថកិច្ចមើលមិនឃើញ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋកំពុងតែដាក់ចម្ងល់ថា ហេតុអ្វីបានជាទីតាំងដេប៉ូទឹកកកនេះ ឱ្យតែមានរថយន្តដឹកទឹកកកមក គឺគាត់ឈប់ទម្លាក់ទឹកកក ដោយគាត់មិនបានគិតដល់ការកកស្ទះចរាចរណ៍ ដល់អ្នកដ៏ទៃ?។
ប៉ុន្តែបើតាមប្រភពផ្សេងទៀតបានឱ្យដឹងថា គឺលោក ណុប នាងដែលគេស្គាល់ថា ជាមេប៉ុស្តិ៍សង្កាត់អូរឬស្សី៣ ជាអ្នកបើកដៃឱ្យក្រុមឈ្មួញយកចំណែកផ្លូវសាធារណៈរបស់រដ្ឋ ធ្វើអាជីវកម្មដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេបានយ៉ាងរំភើយ។
ការលើកឡើងនេះ គឺដោយហេតុថា កន្លែងដេប៉ូទឹកកក និងកន្លែងដាក់រថយន្តកណ្តាលផ្លូវ នៅតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីប៉ុស្តិ៍នគបាលអូរឬស្សី៣ របស់លោក ណុប នាង ប៉ុន្តែធ្វើម៉េច បើជាឆ្នាំងបាយរបស់គាត់ដែរ ទើបយុទ្ធនាការរំដោះចិញ្ចើមផ្លូវរបស់លោកអភិបាលរាជធានីភ្នំពេញ មិនទទួលបានជោគជ័យក្នុងសង្កាត់ និងខណ្ឌមួយនេះតែទាល់តែសោះ។
ម៉្យាងវិញទៀត អ្វីដែលជាចម្ងល់ដ៏ធំរបស់ពលរដ្ឋនោះគឺ ដីទីតាំងច្រមុះជ្រូក ខាងត្បូងសង្កាត់ត់អូរឬស្សី៣ ក៏បានក្លាយទៅជាកន្លែងផ្ញើ រថយន្តដាក់ខែ ហើយមិនដឹងថា ចំណូលដែលទទួលបានពីការផ្ញើររថយន្តនោះ ដាក់ចូលក្នុងហោប៉ៅផ្ទាល់ខ្លួន ឬបានទៅលើថ្នាក់ណាខ្លះទេ?។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ម្ចាស់ដែលយកលុយពីកន្លែងផ្ញើរថយន្តនោះ គឺជាប្រជាការពារនៅក្នុងខណ្ឌ៧មករានេះផងដែរ។ ប្រជាពលរដ្ឋ ក៏សូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធចុះពិនិត្យមើលផង កុំរវល់តែចុះផាកពិន័យ អ្នកជិះបញ្ច្រាសផ្លូវ និងអ្នកដំណើរអត់មួកតែប៉ុណ្ណឹង។
ប្រជាពលរដ្ឋ បានឱ្យដឹងថា ករណីនេះមើលទៅហាក់ដូចជាតូចតាចទេ ប៉ុន្តែវាអាចរីកកាន់តែធំទៅៗ បើអាជ្ញាធរសង្កាត់អូរឬស្សី៣ និងសង្កាត់មនោរម្យ នៅតែព្រងើយ មិនចាត់វិធានការលើមន្ត្រីរបស់ខ្លួន ដែលមិនអនុវត្តន៍ តួនាទី ភារកិច្ច ហើយបែរជាឃុបឃិតជាមួយឈ្មួញ រកតែប្រយោជន៍ មិនខ្វល់ពីសង្គមនឹងច្បាប់៕