(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌពោធិសែនជ័យ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ បានចុះពិនិត្យដោយផ្ទាល់ និងបានដាក់គ្រឿងចក្រចុះកាយដីមុខលូ និងស្តារប្រឡាយទួលសំពៅ ស្ថិតក្នុងតបន់ភូមិសាស្ត្រ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីរំដោះការលិចលង់ ក្រោយភ្លៀងធ្លាក់មួយមេធំ កាលពីយប់។
លោក សាំ ពិសិដ្ឋ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់នោះ បានបញ្ជាក់ថា ក្រោយពីមានភ្លៀងធ្លាក់មួយមេធំ កាលពីយប់ឆ្លងចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ បានធ្វើឲ្យតំបន់មួយចំនួន ពិសេសនៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង។
ដោយមើលឃើញពីបញ្ហានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌសែនសុខ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្រោមការណែនាំដោយផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែតុលា បានដាក់គ្រឿងចក្រចុះកាយដីមុខលូ និងស្តារកាកសំណល់ សំរាម នៅប្រឡាយទួលសំពៅនេះតែម្តង ដើម្បីសម្រួលចរន្តទឹកហូរទម្លាក់ទៅស្ថានីយទួលសំពៅឲ្យបានលឿនសម្រួលដល់ការធ្វើដំណើ និងការរស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះ។
លោកបញ្ជាក់ទៀតថា ប្រឡាយទួលសំពៅមានតូនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពី ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី១ ទី២ ទី៣ ខណ្ឌពោធិ៍សែនជ័យ និងតំបន់មួយចំនួន នៅក្នុងខណ្ឌសែនសុខ ដូចជា ភូមិដំណាក់ សង្កាត់គោកឃ្លាង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ជាដើម។
លោកបន្តថា ជាទិសដៅចំពោះមុខ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងដាក់លូទំហំមួយម៉ែត្រកន្លះ២ខ្សែ នៅប្រឡាយទួលសំពៅ ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងអង្ក្រង រួមនិងការកែសម្រួលតភ្ជាប់លូប្រឡាយនៅតំបន់នេះឲ្យកាន់តែល្អប្រសើរជាងមុន។
ជាងនេះទៅទៀត ជាគម្រោងនៅក្នុងឆ្នាំ២០១៩ខាងមុខនេះ យើងក៏នឹងសាងសង់ស្ថានីយទួលសំពៅមួយថ្មីបន្ថែមទៀតផងដែរ ដែលមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគូប ក្នុងមួយនាទី ជាមួយនឹងការបំពាក់ម៉ូទ័របូមទឹកចំនួន៤គ្រឿង។
លោក សាំ ពិសិដ្ឋ ក៏បានបញ្ជាក់ទៀតថា ក្នុងចំណោមស្ថានីយបូមទឹកទាំង១៣កន្លែង មានស្ថានីយបូមទឹកចំនួន៩កន្លែង បានដំណើរការបូមទឹកចេញ តាំងពីព្រឹករហូតមកដល់រសៀលថ្ងៃនេះ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ ពោលគឺលើកលែងតែស្ថានីយនៅជាប់មាត់ទន្លេមុខវាំងតែប៉ុណ្ណោះដែលមិនធ្វើសកម្មភាព៕