(កណ្តាល)៖ ក្លឹបកំសាន្តរាត្រី (មិនទាន់បើកដំណើរការ) ស្ថិតក្នុងភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្តាល ដែលត្រូវបានអគ្គិភ័យឆាបឆេះនោះ បានរលត់ទាំងស្រុងទៅវិញហើយ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាល បានបើកប្រតិបត្តិការជួយអន្តរាគមន៍ តាំងពីពេលកើតហេតុភ្លាមៗ។ នេះជាការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់អង្គភាពព័ត៌មាន Fresh News។
បើតាមលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះបានបណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ដោយសារឈ្លក់នឹងផ្សែងភ្លើង។ លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា អគ្គិភ័យនេះបណ្ដាលមកពីជាងផ្សាដែក ដែលកំពុងតែជួសជុលនៅខាងក្នុងក្លឹបកំសាន្ដមួយនោះ ស្រាប់តែឆ្លងចរន្ដអគ្គិសនីឆេះតែម្ដង។
លោកស្នងការ បានបញ្ជាក់ថា ទីតាំងក្លឹបដែលកំពុងសាងសង់នេះ មានជញ្ជាំងបេតុង ដំបូលស័ង្កសី មានទំហំទទឹង៣០ម៉ែត្រ បណ្ដោយ៥០ម៉ែត្រ ដោយស្ថានភាពឆេះដំបូងចេញពីខាងក្នុង ដូច្នេះនាំឲ្យកម្លាំងសមត្ថកិច្ច មានការលំបាកក្នុងការចូលជួយអន្ដរាគមន៍ ទំរំាអាចគ្រប់គ្រងទាំងស្រុងនៅវេលម៉ោង៣៖៣០នាទីរសៀលថ្ងៃដដែលនេះ។
ចំណែករថយន្តពន្លត់អគ្គិភ័យ ត្រូវបានសមត្ថកិច្ចប្រើប្រាស់អស់ចំនួន១៦គ្រឿងរួមមាន៖
*រថយន្តខេត្តកណ្តាល០៥គ្រឿង
*រថយន្តខេត្តកំពង់ឆ្នាំង០២គ្រឿង
*រថយន្តខេត្តកំពង់ស្ពឺ០១គ្រឿង
*រថយន្តរោងចក្រថៃយ៉ា០២គ្រឿង
*រថយន្តនាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ០៤គ្រឿង
*រថយន្តរាជធានីភ្នំពេញ០២គ្រឿង។
លោក ដួង តេង អធិការនគរបាលស្រុកពញាឮ បានឲ្យដឹងថា អ្នករងរបួស២នាក់នោះរួមមាន៖ ទី១-ឈ្មោះ ប៉ូ ដាលិក អាយុ២៣ ឆ្នាំមុខរបរជាងម៉ាស៊ីនត្រជាក់
និងទី២៖ ឈ្មោះ ប៊ុនផេង អាយុ២២ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ទីលំនៅនៅភូមិអន្លង់ឫស្សីក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខណៈជនរងគ្រោះដែលស្លាប់មិនទាន់បានបង្ហាញនៅឡើយ៕