(ហ្សាការតា)៖ អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២២នាក់បានស្លាប់ និង ១៥នាក់បាត់ខ្លួន ខណៈរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបានវាយប្រហារលើខេត្តស៊ូម៉ាត្រាខាងលិច និងខេត្តស៊ូម៉ាត្រាខាងជើងស្ថិតនៅភាគ ខាងលិចប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។
លោក Nugroho បានបញ្ជាក់ទៀតថា ភ្លៀងធ្លាក់ខ្លាំងបានធ្លាក់ចាប់តាំងតែពីថ្ងៃពុធមកម្ល៉េះ ដោយវាបានបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដីភ្លាមៗ នៅក្នុងស្រុកជាច្រើននៅលើកោះស៊ូម៉ាត្រា។ ចំណែកឯអ្នកស្លាប់ ១៧នាក់ ត្រូវបានគេ រកឃើញនារយៈពេលបីថ្ងៃមកនេះ នៅឯខេត្តស៊ូម៉ាត្រាខាងជើង និង ០៥នាក់ ត្រូវគេរកឃើញនៅឯខេត្តស៊ូម៉ាត្រាខាងលិច ខណៈផ្ទះជាច្រើន ខ្នងក៏ត្រួវបានបំផ្លិចបំផ្លាញផងដែរ។
គួរបញ្ជាក់ថា គ្រោះមហន្តរាយនេះកើតមានឡើង នៅចំពេលដែលគេមើលឃើញថា ប្រទេសឥណ្ឌូណេស៊ី បានជួបគ្រោះមហន្តរាយធម្មជាតិផ្ទួនៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេសគឺជាគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីចុងខែកញ្ញាកន្លងទៅ ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង ២,០០០នាក់ និង ៥,០០០នាក់ ត្រូវបានគេជឿជាក់ថា បានបាត់ខ្លួនស្របពេលប្រតិបត្តិការតាមរក អ្នកនៅរស់រានមានជីវិតត្រូវបញ្ចប់៕