(ភ្នំពេញ)៖ ស្របពេលការិយាល័យសរុបរបស់ក្រុមហ៊ុន Century21 Cambodia បានកើនដល់១៨ រាជធានី-ខេត្ត ការកសាងទំនុកចិត្ត និងគុណភាពសេវាកម្ម រវាងម្ចាស់ទ្រព្យ និងអតិថិជន បាននិងកំពុងបន្ត ដើម្បីជំរុញដល់ការអភិវឌ្ឍក្នុងវិស័យនេះ។
អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងនៅថ្ងៃទី១២ តុលា ឆ្នាំ២០១៨នេះថា «យើងបានចូលរួមកសាងទំនុកចិត្ត និងកសាងនិម្មិតសញ្ញា Century21 Cambodia យ៉ាងទូលំទូលាយនៅកម្ពុជា ស្របពេលទីផ្សារអចលនទ្រព្យកាន់តែមានភាពរីកចម្រើន បានធ្វើឲ្យទីផ្សារនេះ កាន់តែមានភាពប្រកួតប្រជែង ប្រៀបដូចជាការធ្វើសង្រ្គាមមួយ ប៉ុន្តែមិនមែនជាសង្រ្គាមប្រើប្រាស់អាវុធទេ តែជាសង្រ្គាមដោយប្រើបេះដូង និងទឹកចិត្តដើម្បីផ្តល់សេវាដល់អតិថិជន ដូច្នេះក្រុមហ៊ុនទាំង១៨ ដែលប្រើប្រាស់និម្មិតសញ្ញា Century21 Cambodia បានកសាងទំនុកចិត្ត និងពង្រីកទីផ្សារយ៉ាងទូលំទូលាយ នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា»។
អ្នកនាងបន្តថា «ដោយសារជំនាញ និងបទពិសោធន៍នៃការគ្រប់គ្រងរបស់ម្ចាស់ក្រុមហ៊ុន នៃការិយាល័យក្រុមហ៊ុនទាំង១៨ បានធ្វើឲ្យទំនុកចិត្តក្នុងទីផ្សារ កាន់តែមានការកើនឡើង ។ ដោយពួកគេសុទ្ឋតែមានគោលដៅវែងឆ្ងាយ និងយូរអង្វែង នៅក្នុងអាជីវកម្មរបស់ពួកគេ ពិសេសពួកគេ កសាងបាននូវទំនុកចិត្តបានជាមួយអតិថិជន ដែលនេះជាភាពខ្លាំងរបស់ពួកគេ»។
បើក្រលេកមើលការអភិវឌ្ឍន៍នៅកម្ពុជា មិនថាសេវាកម្មឬសេវាកម្មម្ហូបអាហារនោះទេ អ្វីសំខាន់គឺគេទទួលស្គាល់ និងឲ្យតម្លៃនិម្មិតសញ្ញា ដែលជាមូលដ្ឋាននៃការកសាងទំនុកចិត្ត។ ហេតុនេះហើយទើប Century21 Cambodia បានកសាងទំនុកចិត្តកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
អ្នកនាង Grace Rachny Fong បានបន្តថា ជាមួយនឹងសេវាកម្មដែលផ្តល់ឲ្យអតិថិជន ជាមួយភាពឳនលំទោន រួសរាយរាក់ទាក់ គោរពស្រលាញ់ ស្មោះត្រង់ និងយល់ពីតម្រូវការ ព្រមទាំងអាចឆ្លើយតបនឹងតម្រូវការអតិថិជនជាកញ្ចប់ ដែលម្ចាស់ទ្រព្យ និងអតិថិជនមិនចាំបាច់មានការព្រួយបារម្ភអ្វីឡើយ។
អ្នកនាងបន្តថា «សេវាកម្មសំខាន់របស់យើង ផ្តោតលើការទិញ លក់ ជួលគ្រប់ ពិសេសយើងមានក្រុមការងារជំនាញផ្នែកដីធ្លី បុរី សេវាអាផាតម៉ិន ការគ្រប់គ្រងអាគារ ការប្រឹក្សាយោបល់ ការវិនិយោគនៅក្រៅប្រទេស ដើម្បីទទួលបានសញ្ជាតិជាដើម»។
អ្នកនាងបន្តថា «ក្នុងការឈានជើងចូលទីផ្សារនេះរយៈពេល៤ឆ្នាំ យើងបានធ្វើការងារយ៉ាងច្រើន ក្នុងការជំរុញទំនុកចិត្ត ដើម្បីជំរុញការអភិវឌ្ឍ និងធ្វើឲ្យទីផ្សារនេះ កាន់តែមានភាពរីកចម្រើន ប្រកបដោយចីរភាព» ។
អតិថិជនដែលមានចំណាប់អារម្មណ៍ អាចទាក់ទងនឹងការងារខាងលើនេះ អាចទាក់ទងបានតាមរយៈគេហទំព័រ៖ www.century21.com.kh ៕