(កំពង់ធំ)៖ ដើម្បីឲ្យការរៀបចំពិធីបុណ្យជាតិ នៅខេត្តកំពង់ធំ ប្រព្រឹត្តទៅដោយរលូន លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវខិតខំធ្វើការងារដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំពិធីបុណ្យជាតិ និងការចូលរួមពិធីនានា នាពេលខាងមុខ។
ការណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ដោយក្នុងនោះលោកបានណែនាំឱ្យត្រៀមរៀបចំរៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមរតកោដ្ឋ, ការរៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ការត្រៀមលក្ខណៈក្នុងការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត និងចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ ការត្រៀមរៀបចំបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងការត្រៀមដាំដើមឈើចំនួន ៣ម៉ឺនដើម នៅតាមបណ្តាក្រុង-ស្រុកផងដែរ។
ជាមួយគ្នានោះ លោកអភិបាលខេត្តបានលើកឡើងថា ដើម្បីឲ្យដំណើរការពិធីបុណ្យនេះ ប្រព្រឹត្តទៅដោយរលូន និងដំណើរការល្អ ជាពិសេសពាក់ព័ន្ធនឹងពិធីប្រណាំងទូកនៅថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនោះលោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ដែលមានទូកង និងចង់ចូលរួមអុំសាកល្បងនៅស្ទឹងសែន និងទៅអុំនៅថ្នាក់ជាតិត្រូវធ្វើការហ្វឹកហាត់ជាបណ្តើរៗ ត្រូវចាត់តាំងអនុគណៈកម្មការមួយ មានភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងទូកក្នុងក្រុង-ស្រុករបស់ខ្លួន ហើយត្រូវធ្វើការណែនាំអប់រំបំពាក់បំប៉នដល់អ្នកអុំ និងអ្នកចែវទូកទាំងអស់ឲ្យយល់ពីខ្លឹមសារ នៃពិធីបុណ្យអុំទូកដែលជាបុណ្យប្រពៃណីជាតិ និងត្រូវម្ចាស់ការខិតខំដោះស្រាយផ្ទាល់ខ្លួននូវខោ អាវ មួក សញ្ញាប្រចាំមូលដ្ឋាន ការហូបចុក និងមធ្យោបាយទៅមក។
ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តនឹងរៀបចំផ្ដល់ទីតាំងទីស្នាក់អាស្រ័យ និងមានរង្វាន់ជូនដល់ទូកដែលទទួលបានជ័យលាភី ព្រមទាំងរង្វាន់លើកទឹកចិត្តសម្រាប់ទូកដែលមិនទទួលបានជ័យលាបភីផងដែរ។
លោក សុខ លូ បានផ្តាំផ្ញើដល់លោកអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវខិតខំពង្រឹងមន្ត្រីជំនាញរបស់ខ្លួន រួមគ្នាទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងខេត្តកំពង់ ដូចភ្លៀងរលឹមប្រកបដោយការទទួលខុសត្រូវខ្ពស់៕