(ត្បូងឃ្មុំ)៖ មានអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា៩៖០០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៨នេះ ស្ថិតនៅភូមិព្រែកជីក ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ។
សមត្ថកិច្ចមូលដ្ឋាន បានថ្លែងឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សយ សុខឃីម អាយុ៤០ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ សា វិន។
អំណាចនៃអណ្តាតភ្លើង បានឆេះរហូតដល់ម៉ោង៩៖៥០នាទី ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ក្រោមកិច្ចសហការគ្នារវាងស្នងការដ្ឋានខេត្តទាំង២ គឺខេត្តត្បូងឃ្មុំ និងកំពង់ចាម ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន៦គ្រឿង មានរថយន្តពន្លត់អគ្គិភ័យស្នងការនគរបាលស្រុកត្បូងឃ្មុំ ក្រុងសួង ស្រុកអូររាំងឪ និងរថយន្តពន្លត់អគ្គិភ័យ ស្នងការនគរបាលខេត្តកំពង់ចាម ចំនួន៣គ្រឿង ជួយអន្តរាគមន៍ពន្លត់។
ក្នុងគ្រោះអគ្គិភ័យនោះ បានលេបត្របាក់ផ្ទះឈើ១ខ្នងទំហំ ៧ម៉ែត្រ គុណនឹង៩ម៉ែត្រ ប្រក់ក្បឿងនៅសល់តែជើងសសរ និងដំបូលញ៉ាបខាងមុខបន្តិចប៉ុណ្ណោះ តែមិនបណ្ដាលអោយនរណាម្នាក់រងគ្រោះ ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
បើតាមប្រភពពីប្រជាពលរដ្ឋជិតខាង បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យឆេះ គឺដោយសារម្ចាស់ផ្ទះបញ្ចូលភ្លើងពិល ស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបព្រេងម៉ាសីុនដេរនៅក្បែរនោះ ក៏ឆេះជាអណ្ដាតភ្លើងឡើងតែម្តង។
ប្រជាពលរដ្ឋបន្ថែមថា បើសិនជារថយន្តពន្លត់អគ្គិភ័យ មកយឺតជាងនេះតែបន្តិច ផ្ទះប្រជាពលរដ្ឋ ៣ខ្នងនៅជិតនោះ នឹងត្រូវអំណាចភ្លើងបោះពួយ លេបយកគ្មានសល់នោះទេ។
ម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធដែលរងគ្រោះ ក៏បានលើកម្រាមដៃដប់ធ្វើការអំពាវនាវស្វែងរកជំនួយសប្បុរសធម៍ ដើម្បីដោះស្រាយជីវភាពក្នុងគ្រានេះ ព្រោះថាទ្រព្យសម្បត្តិដែលខ្លួនខិតខំរកយ៉ាងលំបាកនោះ ត្រូវខ្ទិចខ្ទីក្រោមអំណាចព្រះអគ្គី ត្រឹមមួយពព្រិចភ្នែក គ្មានសេសសល់នោះឡើយ៕