(បន្ទាយមានជ័យ)៖ ទំព័រ Facebook ផ្លូវការរបស់គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត និងលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ត្រូវបានជនអនាមិកលួច (Hack) ចូលទៅគ្រប់គ្រងនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ។

យោងតាមអ្នកគ្រប់គ្រងទំព័រ Facebook ទាំងពីរខាងលើដែលត្រូវជនអនាមិក Hack នេះបានបញ្ជាក់ថា ជនអនាមិកបាន Hack ចូលតាមគណនី Facebook របស់លោកផ្ទាល់ ដែលមានឈ្មោះថា «Chenda Poitpet» នៅវេលាម៉ោងប្រមាណជាង១រសៀលនេះតែម្ដង។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេស នៃរដ្ឋបាលក្រុងប៉ោយប៉ែត កំពុងតែធ្វើការទាញយកទំព័រ ​Facebook ទាំងពីរខាងលើនេះ ត្រឡប់មកវិញផងដែរ។

ទន្ទឹមគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏សូមប្រកាសជាសាធារណៈថា ចាប់ពីពេលនេះរាល់ការបង្ហោះខ្លឹមសារអ្វីផ្សេងនៅលើទំព័រ Facebook ខាងលើនេះ មិនមែនជាការបង្ហោះរបស់រដ្ឋបាលក្រុងប៉ោយប៉ែតឡើយ ដូច្នេះសូមសាធារណៈជនកុំមានការភ័ន្ដច្រឡំ៕​