(កណ្ដាល)៖ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងប្រាប់អង្គភាព Fresh News ថា​ខណៈពេលនេះ អគ្គិភ័យកំពុងឆាបឆេះក្លឹបកំសាន្ដដែលកំពុងសាងសង់មួយកន្លែង ស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្ដាល បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួស៣នាក់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ​​អគ្គិភ័យនេះបណ្ដាលមកពីជាងផ្សាដែក ​ដែលកំពុងតែជួសជុលនៅខាងក្នុងក្លឹបកំសាន្ដមួយនោះ ស្រាប់តែឆ្លងចរន្ដអគ្គិសនីឆេះតែម្ដង។ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងតែអន្ដរាគមន៍ដើម្បីសង្គ្រោះ។

​លោកស្នងការ បានបញ្ជាក់ថា ទីតាំងក្លឹបដែលកំពុងសាងសង់នេះ មានជញ្ជាំងបេតុង ដំបូលស័ង្កសី ​មានទំហំទទឹង៣០ម៉ែត្រ បណ្ដោយ៥០ម៉ែត្រ ដោយស្ថានភាពឆេះដំបូងចេញពី​ខាងក្នុង ដូច្នេះនាំឲ្យកម្លាំងសមត្ថកិច្ច មានការលំបាកក្នុងការ​ចូលជួយអន្ដរាគមន៍។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕