(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី និងជាប្រធានក្រុមការងារ CPP ចុះជួយមូលដ្ឋានស្រុកកូនមុំ នៅព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាល និងនាំថវិកាមួយចំនួនឧបត្ថម្ភដល់បេក្ខជន ប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឧុប) ចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង ២០ សីហា ២០១៨ ចំនួន៤៤នាក់។
យោងតាមរបាយការណ៍របស់លោក ម៉ែន ណារិន នាយកវិទ្យាល័យត្រពាំងក្រហម បានបង្ហាញឱ្យដឹងថា ក្នុងវិទ្យាល័យនេះ មានលោកគ្រូ អ្នកគ្រូចំនួន១២នាក់ ហើយបេក្ខជនប្រឡងទុតិយភូមិ ឆ្នាំ២០១៨នេះ មាន៤៤នាក់។
លោក ម៉ែន ណារិន បានបបន្តថា នៅឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញមកសំណេះសំណាល សួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិក្សានុសិស្ស និងបានផ្តល់ជាអំណោយដ៏ថ្លៃថ្លានូវអគារសិក្សាថ្មីបន្ថែមចំនួន១ខ្នង កម្ពស់២ជាន់ ស្មើនឹង២០បន្ទប់, អគារអន្តេរវាសិកដ្ឋានចំនួន១ខ្នង កម្ពស់២ជាន់ ស្មើនឹង២០បន្ទប់ រួមទាំងជួសជុលទីលានបាល់ទាត់, ធ្វើតារាងបាល់បោះ និងរបងព័ទ្ធជុំវិញបរិវេណវិទ្យាល័យថែមទៀត។
ក្នុងឱកាសជួបសំណេះសំណាលនេះដែរលោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានថ្លែងការកោតសរសើរចំពោះក្មួយៗ ទាំងអស់ខិតខំរៀនសូត្ររហូតទទួលលទ្ធផលល្អបែបនេះ ពោលគឺជាប់១០០ភាគរយ ហើយបានផ្តល់ជួនប្រាក់ឧបត្ថម្ភដល់បេក្ខជនប្រឡង ជាប់សញ្ញាបត្រទុតិយភូមិក្នុងម្នាក់ៗ នូវទឹកប្រាក់ចំនួន១០ម៉ឺនរៀល ផងដែរ។
ចំណែកឯលោកគ្រូ អ្នកគ្រូចំនួន១២នាក់ ទទួលប្រាក់ឧបត្ថម្ភក្នុងម្នាក់១០ម៉ឺនរៀល ផងដែរ។ បន្ថែមលើនេះលោកឧត្តមសេនីយ៍ គឹម រស្មី បានសន្យាថាដើម្បីឱ្យលទ្ធផលកាន់តែល្អប្រសើរឡើងទៀតនោះនៅឆ្នាំសិក្សា២០១៩រូបគាត់ នឹងចេញចំណាយថ្លៃជួលគ្រូបង្រៀន ក្រៅម៉ោងដល់សិក្សា សិស្សានុសិស្សរៀនត្រៀមប្រឡងទុតិយភូមិ នៅបណ្តាលឆ្នាំបន្តបន្ទាប់ទៀត៕