មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចាប់សាច់មាន់ ខូចគុណភាពជិត៤០០គីឡូក្រាម ដុតកម្ទេចចោល និងឃាត់ខ្លួនតៃកុងរថយន្តបានម្នាក់
13-10-2018 13:00
(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋ ផ្តោតសំខាន់ទៅលើការបរិភោគម្ហូបអាហារ ក៏ដូចជាគ្រឿងភេសជ្ជ:ផ្សេងៗនោះ មន្ត្រីជំនាញកាំកុងត្រូល សហការជាមួយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានស្ទាក់ចាប់ និងដុតកម្ទេចចោលសាច់មាន់ ចម្រុះខូចគុណភាព ទំងន់៣៦៥គីឡូក្រាម ដែលលួចនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដាក់បង្កប់ក្នុងរទះ នាព្រលប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានថ្លែងថា ការចាប់បានខណៈពេលតៃកុងរថយន្តកំពុងរៀបចំ ឆ្អឹងសាច់មាន់ទាំងអស់នោះចូលទៅក្នុងរថយន្តម៉ាក សាំយ៉ុង ពាក់ស្លាកលេខបាត់ដំបង 2B-1391។ ទំនិញខូចគុណភាពសាច់មាន់ចម្រុះទំងន់ ៣៦៥គីឡូក្រាម នៅចំណុចអង់តែន០១៦ ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។
លោកបានបន្តថា ក្រោយពីបណ្តាញបានរាយកាណ៍ លោកបានដឹកនាំកម្លាំង សហការជាមួយកម្លាំងអាវុធហត្ថក្រុង ធ្វើការឃាត់ខ្លួនបានម្ចាស់ម្នាក់ និងរថយន្តរួមទាំងសាច់មាន់ចម្រុះខូចគុណភាពរួមមាន៖ ក្រញ៉ាំ សាច់ជាប់ឆ្អឹង ស្លាបមាន់ និងជង្គង់មាន់ ដែលវិចខ្ចប់ទុកដាក់ ខុសស្តង់ដារគ្មានអនាម័យ ដែលអាចធ្វើឱ្យប៉ះពាល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរ។
ប្រធានសាខាកាំកុងត្រូលរូបនេះ បានបញ្ជាក់ថា ក្រោយពីសុំយោបល់លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រួចសាច់មាន់ដែលខូចគុណភាព ត្រូវដុតកំទេចចោល ចំណែកឯរថយន្ត និងម្ចាស់ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមច្បាប់។
មន្ត្រីជំនាញកាំកុងត្រូល សូមអំពាវនាវដល់អាជីវករ ពាណិជ្ជករទាំងអស់ រកស៊ីដោយ សុច្ចរិត គិតគូរពី ផាសុកភាព ពលរដ្ឋទូទៅ សូមកុំនាំចូលនូវទំនិញដែលមន្ត្រីជំនាញបានហាមឃាត់ ដែលជាទំនិញធ្វើឲ្យប៉ះពាល់សុខភាព ដល់អ្នកប្រើប្រាស់ និងអ្នកបរិភោគ៕