(​ភ្នំពេញ)៖ ក្រុម Narutail Guild ដែលជាក្រុមយុវជនស្ម័គ្រចិត្ត នឹងរៀបចំព្រឹត្តិការណ៍សម្ដែងសិល្បៈសម័យ បុរាណ ខ្មែរ និងជប៉ុន មានឈ្មោះថា «តោះ! ទៅ Cosplay» រដូវកាលទី៥ ​ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០១៨ ចាប់ពីម៉ោង ៩ព្រឹករហូតដល់ម៉ោង ៥ល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីស្វែងរកមូលនិធិជួយដល់កុមាក្រីក្រ ជាពិសេសកុមាដែលកំពុងរស់នៅក្បែរគំនរសំរាម ស្ទឹងមានជ័យ។

ការប្រកាសឲ្យដឹងស្ដីពីការរៀបចំព្រឹត្តិការណ៍ «Let's Cosplay» ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ នៅឯភោជនីយដ្ឋានសាំប៉ា ក្នុងខណ្ឌទួលគោក ដោយមានការចូលរួមពីសំណាក់លោក ​វុធ សារាណាដេនកា ​តំណាងក្រុមការងាររៀបចំកម្មវិធី, លោក​ អ៊ុក រតនៈវិសុទ្ធ ​តំណាងក្រុមការងាររៀបចំកម្មវិធី, លោក កាដូ ម៉េតកាដេន​ តំណាងក្រុមការងាររៀបចំកម្មវិធី, លោក Muneo INO ​ម្ចាស់ឧបត្ថម្ភធំ និងលោក Ryohei Futunaga ​ជាម្ចាស់ឧបត្ថម្ភធំក្នុងកម្មវិធីទាំងមូល។

លោក ​វុធ សារាណាដេនកា ​តំណាងក្រុមការងាររៀបចំកម្មវិធី បានថ្លែងឲ្យដឹង​ថា «តោះ! ទៅ Cosplay រដូវកាលទី៥» នឹងបន្តផ្តល់ជូននូវលក្ខណៈពិសេស និងសកម្មភាពសប្បាយបន្ថែមលើសនេះទៀត ដើម្បីលើកកំពស់ការយល់ដឹង អំពីវប្បធម៌ទំនើប និងប្បធម៌បែបប្រពៃណី​ ហើយសំខាន់ជាងនេះទៀត​ យើងមានបំណងពង្រឹងទំនាក់ទំនង សហប្រត្តិបត្តិការ​ រវាងប្រទេសកម្ពុជា និងជប៉ុន ជាមួយគ្នានេះពេលដែលយើងចូលរួមផង​ ក្នុងការគាំទ្រក្នុងការងារសប្បុរសធម៌ ជាពិសេសទៅដល់កុមារក្រីក្រ ដែលកំពុងរស់នៅក្នុងគំនរសំរាម​ ក្នុងតំបន់ស្ទឹងមានជ័យ​ និងដើម្បីរៃអង្គាសមូលនិធិ​ ដើម្បីផ្តល់ការគាំទ្រដល់សហគមន៍សិល្បៈខ្មែរ បុរាណខ្មែរដែលខ្វះឧបករណ៍ និងតម្រូវការចាំបាច់ផ្សេងទៀត សម្រាប់ការអប់រំនិងប្រតិបត្តិការរបស់ពួកគេ នៅក្នុងរាជធានីភ្នំពេញ។

លោកបន្តថា កម្មវិធី «តោះ! ទៅCosplayរដូវកាលទី៥» នឹងបង្ហាញពីសកម្មភាពផ្សេងៗ ដែលនឹងផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរ វប្បធម៌រវាងកម្ពុជា និងជប៉ុន។ លើសពីនេះទៀត យើងនឹងនាំមកនូវទស្សនីយភាព ដ៏អស្ចារ្យមួយនៃកម្មវិធី Cosplay Fashion Show និងអ្នកសម្ដែងដ៏អស្ចារ្យ ដែលពួកគាត់នឹងចាប់យកដួងចិត្ត របស់ទស្សនិកជន និងបង្កបង្កើនភាពសប្បាយរីករាយ ពេញមួយថ្ងៃ។ ម៉្យាងទៀត, យើងនឹងណែនាំការបង្ហាញ ពីម្ហូបអាហាររបស់កម្ពុជានិងជប៉ុន។ ជាមួយគ្នានេះផងដែរ, ព្រឹត្តិការណ៍នេះជាម្ចាស់ផ្ទះ នូវភាពសម្បូរបែបនៃគំនិតវប្បធម៌ ជាមួយការសម្តែងរបាំល្ខោនខោល, ល្ខោនស្បែក និង ប្រដាល់គុនខ្មែរ , Cosplay និងការប្រកួតកីឡាអេឡិចត្រូនិច រួមជាមួយនឹងការបង្ហាញ ពីសមត្តិភាពក្នុងកម្មវិធី។ យើងនឹងនាំអ្នកចូលរួមឲ្យជាក់ច្បាស់ ប្រាកដថាតើកម្មវិធីនេះរំភើបញ៉ាប់ញ័រយ៉ាងណា! លើសពីនេះទៀត, ទស្សនិកជននឹងត្រូវបានជម្រុញ លើកទឹកចិត្តឱ្យចូលរួមក្នុងសកម្មភាព សប្បុរសធម៌សង្គម, ការយល់ដឹងអំពីវប្បធម៌ និងសកម្មភាពបរិស្ថានដែលជាគុណសម្បត្តិ ដ៏ធំធេងរបស់សង្គមរួមទាំងការរួមចំណែក នៃក្តីសង្ឃឹមដ៏ធំដយុវជនជំនាន់ក្រោយ របស់កម្ពុជា។

សូមបញ្ជាក់ថា ចាប់តាំងពីការបង្កើត ក្នុងឆ្នាំ២០១៣មក Narutail Guild បានធ្វើកម្មវិធី cosplay បាន៤ឆ្នាំមកហើយ ក្រោមឈ្មោះ «តោះ! ទៅCosplay»។ រដូវកាលទី៤ «Let's Cosplay Season 4» ដែល ប្រព្រឹត្តឡើងកាលពីថ្ងៃទី ១៧ខែធ្នូឆ្នាំមុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជាជោគជ័យដ៏ធំធេងរបស់យើង ដោយមានអ្នកចូលរួមចំនួន ៨00 នាក់ បំពេញសាល Kizuna ពេញតែម្តង ហើយធ្វើឲ្យពួកគេពេញចិត្ត និងពោរពេញដោយភាពសប្បាយរីករាយ។ ជាលទ្ធផល, ពួកយើងបានប្រមូលសៀវភៅចំនួន ៤០០០ក្បាល និងបានផ្តល់មូលនិធិសប្បុរសធម៌ ដល់សាលាបឋមសិក្សាសាមគ្គី ដែលស្ថិតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្ដកំពត។

រួសរាន់មកធ្វើការជាវយកចូលទស្សនា​ ​«តោះ! ទៅ Cosplay រដូវកាលទី៥» ហើយរីករាយជាមួយយើងពេញមួយថ្ងៃ! សម្រាប់ព័ត៌មានបន្ថែមសូមផ្ញើសារ មកកាន់​ [email protected] ឬទូរស័ព្ទមក​​ផ្ទាល់ តាមរយៈ ០១៥ ៤៧ ៨០ ៩៦៕