(ព្រះសីហនុ)៖ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន អមដោយសិក្ខាសាលាតម្រង់ទិសស្ដីពី គម្រោងបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច (HoKa) ប្រចាំខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីវិជ្ជាជីវៈទេសចរណ៍អាស៊ានដល់អ្នកជំនាញ ជាពិសេសបុគ្គលិកបម្រើការងារក្នុងសេវាកម្មទេសចរណ៍នៅខេត្តព្រះសីហនុ ឱ្យទទួលបានការបណ្តុះបណ្តាល និងទទួលស្គាល់សមត្ថភាព ដោយបើកឱកាសអភិវឌ្ឍន៍ជំនាញតាមកម្រិតគុណវុឌ្ឍិជាតិ និងអាស៊ាន។

សិក្ខាសាលាផ្សព្វផ្សាយ និងសិក្ខាសាលាតម្រង់ទិសខាងលើ ធ្វើឡើងនារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារឆ្នេរថ្មី នៃខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងនាមតំណាងលោករដ្ឋមន្ត្រី ថោង ខុន រួមជាមួយលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីសំណាក់តំណាងអាជីវកម្មទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ប្រមាណ ១០០នាក់។

អង្គសិក្ខាសាលាបានបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយអង្គការ ស្វីស ខន់ថាក់ ក្រសួទេសចរណ៍ បានប្រកាសគម្រោងបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ប្រចាំខេត្តព្រះសីហនុ (HoKA) ដែរជាជាទម្រង់នៃការបណ្តុះបណ្តាលខាងក្នុង (In-House Training) ដែលត្រូវមានការចូលរួមដោយអាជីវកម្ម និងមានការបណ្តុះបណ្តាលដល់ម្ចាស់ ឬអ្នកគ្រប់គ្រង ដើម្បីចូលរួមបណ្តុះបណ្តាលបន្ត។

កម្មវិធីនេះ នឹងចូលរួមបង្កើតធនធានមនុស្សដែលមានសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យក្នុងការអភិវឌ្ឍជំនាញយុវជន មានជាអាទិ៍៖
១. ត្រឹមឆ្នាំ២០២០៖ ៥០% នៃអ្នកបម្រើការងារទាំងអស់ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាល។
២. ត្រឹមឆ្នាំ២០២៥៖ ១០០% នៃអ្នកបម្រើការងារទាំងអស់ ត្រូវទទួលទទួលបានការបណ្តុះបណ្តាលជំនាញ ដែលមានការទទួលស្គាល់វិញ្ញាបនបត្រ ឬសញ្ញាបត្រតាមស្តង់ដាអាស៊ាន ដើម្បីសម្រេចបាននូវយុទ្ធនាការ «បុគ្គលិកមួយ ជំនាញមួយ»។
៣. ត្រឹមឆ្នាំ២០៣០៖ សម្រេចឲ្យបាននូវគោលដៅការសិក្សាពេញមួយជីវិត កំណើនសេដ្ឋកិច្ច និងការងារសមរម្យ។

សូមបញ្ជាក់ថា ក្រោមយុទ្ធសាស្រ្តឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា វិស័យទេសចរណ៍មានកំណើនយ៉ាងគំហុក ក្នុងអត្រាប្រមាណ ១៣.៨% នៅឆ្នាំ២០១៧ ក្នុងនោះបានបង្កើតការងារប្រមាណ ៦២ម៉ឺននាក់ ហើយនៅឆ្នាំ២០២០ កម្ពុជាត្រូវការអ្នកជំនាញថ្មីប្រមាណ ២៨ម៉ឺននាក់បន្ថែមទៀត ដើម្បីបម្រើសេវាកម្មប្រកបដោយភាពកក់ក្តៅ និងគុណភាពជូនទេសចរជាតិ-អន្តរជាតិ ព្រមទាំងចូលរួមពង្រឹងសមត្ថភាពអ្នកជំនាញបច្ចុប្បន្ន ឱ្យឆ្លើយតបទៅនឹងស្តង់ដាជាតិ និងអាស៊ាន៕