(ភ្នំពេញ)៖ ក្រុមចោរវ័យក្មេងដែលតែងតែធ្វើសកម្មភាពនៅតាមបណ្ដាខណ្ឌនានា ក្នុងទឹកដីរាជធានីភ្នំពេញ២នាក់ ដោយវាយប្លន់យកម៉ូតូជនរងគ្រោះ កាលពីជិត១ខែមុន ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ តាមបង្ក្រាបបាន ហើយរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ នឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh news ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា ហេតុការណ៍នេះ បានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី (ក) សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ទើបកម្លាំងរបស់លោកឈានដល់ការចាប់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងបក្ខពួក៦នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ដំណើររឿងនៅមុនពេលកើតហេតុជនរងគ្រោះ រួមជាមួយមិត្តភក្កិ៤នាក់ផ្សេងទៀត បានជិះម៉ូតូ២គ្រឿង ធ្វើដំណើរចេញពីដើរលេងនៅកោះពេជ្រ តាមបណ្ដោយផ្លូវវេងស្រេង កាត់តាមរង្វង់មូលចោមចៅ មកតាមផ្លូវជាតិលេខ៣ មកដល់ត្រង់ចំណុច ការដ្ឋានជួសជុលរថយន្ត ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ក៏ស្រាប់តែមានជនសង្ស័យចំនួន០៨នាក់ ជិះម៉ូតូ៤គ្រឿង ហើយពេលនោះជនសង្ស័យ ជិះម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៦ ជិះគៀម៉ូតូជនគ្រោះ រួចយកមួកសុវត្ថិភាពវាយទៅលើក្បាលជនរងគ្រោះ បណ្ដាលឲ្យរេចង្កូតដួលចូលប្រឡាយ រួចក្រុមជនសង្ស័យបានស្រែកថា «កាប់វាឲ្យងាប់» បន្ទាប់មកជនសង្ស័យក៏យកទូរស័ព្ទនិងលើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅទិសខាងត្បូង បាត់ស្រមោលតែម្តង។
លោកអធិការ បានបន្តថា ជនសង្ស័យទី១៖ឈ្មោះ ឆែម ប៊ុនឌឿន អាយុ១៨ឆ្នាំ និងទី២៖ឈ្នោះ នុត សុធុន អាយុ១៨ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ បាន បញ្ញា អាយុ១៩ឆ្នាំ និងម៉ូតូដែលជនសង្ស័យប្លន់នោះម៉ាក់ HONDA C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ មិនចាំស្លាកលេខ និងទូរស័ព្ទម៉ាក iPhone មួយគ្រឿង៕