(ភ្នំពេញ)៖ ថវិកាជិត៧លានរៀល ក្នុងនោះលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន២លានរៀល, លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ២លានរៀល, លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ២លានរៀល, លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ៥០ម៉ឺនរៀល, លោកស្រី ទូច សារុំ ប្រធានក្រុមការងារពង្រឹងសាសនារាជធានីភ្នំពេញ១០ម៉ឺនរៀល, លោក មូល វិរៈ ចៅសង្កាត់ឫស្សីកែវ២០ម៉ឺនរៀល និងក្រុមការងារសហគមន៍មិត្តភាព ១៣ម៉ឺនរៀល ត្រូវបាននាំយកមកចូលរួមឧបត្ថម្ភដល់ក្រុមគ្រួសារប្រជាការពារ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត ដែលរងគ្រោះដោយសារមន្ត្រីអាវុធហត្ថម្នាក់ ដកកាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ ក្នុងពេលបំពេញភារកិច្ចបណ្ដាលឲ្យរងរបួសជើង។
សម្រាប់មន្រ្តីអាវុធហត្ថដែលប្រព្រឹត្តខុសច្បាប់ នៃជួរកងកម្លាំងនោះ នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនៅថ្ងៃស្អែក ដើម្បីចាត់ការតាមច្បាប់។
ជាមួយការនាំយកថវិកាជិត៧លានរៀល មកឧបត្ថម្ភជូនដល់ក្រុមគ្រួសារប្រជាការពារនេះដែរ ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វារ ក៏ដូចជាអាជ្ញាធរសង្កាត់ និងមន្ត្រីពាក់ព័ន្ធ បានពាំនាំយកនូវការផ្ដាំផ្ញើសាកសួសុខទុក្ខ ដើម្បីឲ្យថែរក្សាសុខភាពបានល្អ ទាំងការហូបស្អាត រស់នៅស្អាត និងជូនពរឆាប់ជាសះស្បើយពីជម្ងឺ ហើយអាចឆាប់បានចូលបម្រើការងារជូនប្រជាពលរដ្ឋដូចដើមវិញ។
សូមបញ្ជាក់ថា ប្រជាការពារសង្កាត់ឬស្សីកែវម្នាក់ បានរងការបាញ់ប្រហារជាច្រើនគ្រាប់ពីបុរសម្នាក់ទៀត បណ្តាលឲ្យត្រូវជើងរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង១២៖៥៥នាទីយប់ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងផ្លូវលំលេខ៣៤៥ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលរងរបួសជាប្រជាការពារបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន កំពុងតែដេញជនសង្ស័យជិះម៉ូតូ២គ្រឿង ដែលបានបើកគេចពីកម្លាំងប្រជាការពារ និងកម្លាំងអន្តរាគមន៍ខណ្ឌឫស្សីកែវ រហូតដេញតាមមកដល់ផ្លូវលំលេខ៣៤៥ ស្រាប់តែឮសំឡេងកាំភ្លើង ទើបដឹងថាខ្លួនត្រូវបុរសម្នាក់តាមដេញបាញ់ពីក្រោយ ប្រមាណជា១០គ្រាប់ បណ្ដាលឲ្យចំជើងខាងស្ដាំរងរបួស។
លោក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីផ្ទុះអាវុធ កម្លាំងនគរបាលខណ្ឌចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបាន។
ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត។ ជនបង្កឈ្មោះ ឡាយ អ៊ីងឃីង អាយុ២៧ឆ្នាំ មុខរបរជា មន្ត្រីកងរាជអាវុធហត្ថផ្ទៃប្រទេស។ ចំណែកជនរងគ្រោះឈ្មោះ លី រតនៈ ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរជាប្រជាការពារ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបង្កខាងលើ ដើម្បីយកទៅសួរនាំបន្ថែមទៀត នៅឯអធិការខណ្ឌឫស្សីកែវ៕