(ភ្នំពេញ)៖ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរយានយន្តក្រោមឥទ្ធិពល នៃជាតិស្រវឹងពេលយប់ នៅរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការរឹតបន្តឹងពិនិត្យអ្នកបើកបរយានយន្ត នៅតាមគោលដៅ មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះយោងតាមលិខិតរបស់ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ផ្ញើទៅកាន់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីដើមខែតុលា ឆ្នាំ២០១៨នេះ។
តាមលិខិតរបស់ឧត្តមសេនីយ៍ឯក ស ថេត បានឱ្យដឹងថា ដើម្បីបង្កើនប្រសិទ្ធិភាពការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ពិសេសចំពោះអ្នកបើកបរយានយន្តក្រោមឥទ្ធិពល នៃជាតិស្រវឹងនៅពេលយប់ សំដៅកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរយានយន្តមានជាតិស្រវឹង នៅត្រីមាសទី០៤ ឆ្នាំ២០១៨ (ខែតុលា, ខែវិច្ឆិកា ខែធ្នូ) ស្នងការនគរបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធី និងគោលដៅត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរយានយន្តក្រោមឥទ្ធិពល នៃជាតិស្រវឹងពេលយប់ នៅរាជធានីភ្នំពេញ។
ក្នុងនោះ០១យប់ ត្រួតពិនិត្យ០៧គោលដៅ (មានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក០១គោលដៅ, ខណ្ឌ០៦គោលដៅ ផ្លាស់ប្តូរវិលជុំ០១យប់ ០៦ខណ្ឌ)៕