(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់១១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង, រថយន្តតូច៥គ្រឿង, រថយន្ដធុនធំ២គ្រឿង, កង់២គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង, បត់គ្រោះថ្នាក់, ស្រវឹង និងមិនប្រកាន់ស្ដាំ។
សូមបញ្ជាក់ថា រយៈពេល១២ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៥៥លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន៨៦នាក់, របួសធ្ងន់១៧៤នាក់ និងរបួសស្រាល៧៦នាក់៕