(ព្រះសីហនុ)៖ ក្តីកង្វល់លើការបំផ្លាញសម្រស់ឆ្នេរ និងសមុទ្រខ្មែរក្នុងខេត្តព្រះសីហនុ ដោយសារទឹកកខ្វក់ពីតំបន់នានា បានធ្វើឲ្យរដ្ឋមន្ត្រីមកពីក្រសួងចំនួន៣រួមមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើដំណើរចុះទៅដល់ខេត្តព្រះសីហនុ ដើម្បីរិះរកវិធានការទប់ស្កាត់លើបញ្ហាទាំងនេះ។
បន្ទាប់ពីបានចុះទៅពិនិត្យដោយផ្ទាល់ និងពិភាក្សាជាមួយមន្ត្រីជំនាញនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះហើយវិធានការសំខាន់ៗចំនួន៣ ត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ទឹកបញ្ហាបង្ហូទឹកកខ្វក់ចូលទៅក្នុងសមុទ្រ។ វិធានការទាំង៣នោះរួមមាន៖ ១. ស្ដារស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ១៦ហិកតា នៅតំបន់ឆ្នេរអូរឈើទាល, ២.រៀបចំអាងស្ដុក ស្ថានីយបូមទឹកកង្វក់ នៅចំណុចអូរចំណា អូរឆ្នេរ៧ជាន់ និងស្ដារនៅតាមតំបន់មាត់សមុទ្របន្ថែមទៀត និងទី៣. រៀបចំធ្វើអាងចម្រោះទឹកកង្វក់តាមអូរ ដោយចាប់ផ្ដើមដំបូងពីអូរម៉ារីយូ។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុ កំពុងតែមានសន្ទុះកើនឡើងខ្ពស់នៃការវិនិយោគ ក៏ដូចជាកំណើនសំណង់នានា។ កំណើននេះក៏កំពុងក្លាយជាបញ្ហាប្រឈមផងដែរលើបរិស្ថាន អនាម័យនានា។ ក្នុងនោះក្រៅពីការបង្ហូរទឹកកខ្វក់ចូលសមុទ្រ បញ្ហាសំរាម បញ្ហាដីហូរពីតាមការដ្ឋានសំណង់នានាសុទ្ធតែជាបញ្ហាដែលអាចបង្កជាភាពកខ្វក់ដល់ឆ្នេរ និងទឹកសមុទ្រ។
ដើម្បីបង្កាបញ្ហាទាំងអស់នេះ គឺទាមទារឲ្យមានវិធានការគ្រប់គ្រងដ៏ល្អប្រសើរទៅលើម្ចាស់ការដ្ឋានសំណង់ ម្ចាស់អាហារដ្ឋាន ក៏ដូចជាពលរដ្ឋក្នុងការទុកដាក់សំរាម ក៏ដូចជាការបង្ហូរទឹកកខ្វក់នានាចេញពីតាមលំនៅឋាន ក៏ដូចជាអាហារដ្ឋាន ឬការដ្ឋានសំណង់ជាដើម៕