(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនលោក លី រតនៈ អាយុ ៣៩ឆ្នាំ ប្រជាការពារសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដែលរងរបួសជើងខាងស្តាំធ្ងន់ធ្ងរដោយត្រូវគ្រាប់កាំភ្លើង ខណៈពេលកំពុងបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ កាលពីម៉ោង ១២៖៣០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី១២ ខែតុលានេះ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរចំពោះ លោក លី រតនៈ ដែលបានជួបគ្រោះថ្នាក់នេះ និងជូនពរឆាប់បានជាសះស្បើយពីរបួស ឆាប់ត្រឡប់ទៅជួបជុំគ្រួសារ និងបំពេញការងារវិញ ។
លោក លី រតនៈ និងភរិយា មានក្តីរំភើបនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ជួយសម្រាលការលំបាក ជាពិសេស លើកទឹកចិត្ត និងផ្តល់ភាពកក់ក្ដៅដល់ប្រជាជនរងគ្រោះដោយគ្មានការរើសអើងអ្វីឡើយ។
អំណោយដែលបានប្រគល់ជូនរួមមាន៖ គ្រឿងបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន។ ដោយឡែក អ្នកជំងឺ ម្នាក់ ដែលកំពុងសម្រាកព្យាបាលក្បែរនោះ ក៏ទទួលបានថវិកាមួយចំនួនផងដែរ៕