(ភ្នំពេញ)៖ ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា សំឡេងដែលគេបង្ហោះលើបណ្តាញសង្គម Facebook គឺជាការប្រឌិតឡើង ដើម្បីវាយប្រហារលើរូបលោកពីសំណាក់ក្រុមប្រឆាំង ក្រោយពេលរូបលោកនិយាយពីរឿងប្រព័ន្ធអនុគ្រោះពន្ធទំនិញកម្ពុជា។
លោក ហេង សួរ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ បានផ្តល់សម្ភាសន៍ដល់អង្គភាពព័ត៌មាន Fresh News បកស្រាយ និងពន្យល់លំអិតពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជាពីសហភាពអឺរ៉ុប ដែលគណៈកម្មការអឺរ៉ុបកំពុងជជែកក្នុងការដកចេញនោះ។ លោក ហេង សួរ ក៏បានវាយប្រហារទៅលើក្រុមប្រឆាំងផងដែរ ដែលបានរិះគន់ជំហររបស់នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ។
ក្រោយការថ្លែងចុចចំបញ្ហាក្តៅរបស់ក្រុមអតីតអ្នកនយោបាយប្រឆាំងប្រយោជន៍ជាតិនោះ បានធ្វើឲ្យពួកគេខឹងសម្បាជាមួយលោក ហេង សួរ ហើយនៅថ្ងៃនេះ ពួកគេបានបញ្ចេញសារសំឡេងមួយលើបណ្តាញសង្គមដោយអះអាងថាជាសំឡេងរបស់លោក។
លោក ហេង សួរ បានច្រានចោលនូវអ្វីដែលគេបានបង្ហាញនោះ និងចាត់ទុកជាចេតនាទុច្ចរិត ក្នុងគោលបំណង បង្កាច់បង្ខូចកិត្តិយសរបស់លោក ដែលនេះគឺជាទម្លាប់របស់ក្រុមប្រឆាំងតែងតែធ្វើពេលពួកគេស្អប់ជនណាមួយនោះ។
នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះលោក ហេង សួរ ក៏បានលើកឡើងក្នុងគណនី Facebook របស់លោកថា «ក្នុងរយៈពេលចុងក្រោយនេះ បុគ្គលដែលនិយាយចំបច្ចេកទេសនិងចំគោលដៅ របស់ក្រុមប្រឆាំងប្រយោជន៍ជាតិ គឺតែងតែក្លាយទៅជនរងគ្រោះនៃការវាយប្រហារតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក តាមរយៈការក្លែងបន្លំគ្រប់រូបភាពដើម្បីមួលបង្កាច់ និងលាបពណ៌ដល់បុគ្គលនោះ។
លោកបន្តថា «ពេលនេះ ក្រុមនោះបានប្រឌិតរឿងក្លែងក្លាយហើយផ្សព្វផ្សាយបរិហារដល់ខ្លួនខ្ញុំវិញម្តង។ ពួកគេ បានប្រឌិតសារជាសំឡេងមួលបង្កាច់ថាជារូបខ្ញំ ហើយពួកគេបានធ្វើឡើងភ្លាមៗបន្ទាប់ពីខ្ញុំត្រូវបានដកស្រង់សម្តី ដោយសាព័ត៌មាន Fresh News ពាក់ព័ន្ធនឹងរឿង EBA។ ខ្ញុំឆ្ងល់ក្រុមប្រឌិតរឿងក្លែងក្លាយនេះ ថាហេតុអ្វីបានជា គេប្រឌិតរឿងឡើង និងហាក់ចាត់ទុកខ្ញុំជាមនុស្សអស្ចារ្យហួសហេតុពេកនៅស្រុកខ្មែរ? តើខ្ញុំជាអ្វី ហើយខ្ញុំនៅ ស្ថាប័នណា ហើយជាក់ស្តែងខ្ញុំគឺជាមនុស្សយ៉ាងដូចម្តេច? ការរួមគ្នាជាមួយថ្នាក់ដឹកនាំក្នុងការបម្រើ ការពារ និងផ្តល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត និងពលករ គឺជាក្តីស្រម៉ៃ និងជាកាតព្វកិច្ច ជាប់ឆ្អឹងពីកំណើតរបស់ខ្ញុំ»។
លោក ហេង សួរ ក៏បានអំពាវនាវដល់ក្រុមប្រឆាំងប្រយោជន៍ជាតិនេះ គួរបញ្ឈប់សកម្មភាពរបស់ខ្លួនផងដែរ ព្រោះមិនបានធ្វើឲ្យលោកបញ្ឈប់នូវបេសកកម្ម និងភារកិច្ចស្នូលរបស់លោកនោះឡើយ។ លោកបានសរសេរបញ្ជាក់ដូច្នេះ «ឈប់បានគួរតែឈប់ទៅនូវទង្វើទាំងអស់នេះ ហើយគួរគន់មើលឡើងវិញនូវទង្វើរបស់ក្រុមអ្នកថា តើអ្នកបានផ្តល់ការរីកចម្រើនអ្វីខ្លះដល់ប្រជាជន ឬក្រុមអ្នកផ្ទាល់? ការរំខានរបស់អ្នកមិនអាចធ្វើឱ្យខ្ញុំបែកចេញពីភារកិច្ចស្នូលរបស់ខ្ញុំឡើយ។ ខ្ញុំមិនចូលខ្លួនទៅលេងក្នុងវង់ល្បែងដែលអ្នករៀបចំអន្ទាក់រួចជាស្រេចនោះឡើយ»៕