Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា, លោក សាយ សំអាល់ និងលោក ថោង ខុន ចុះទៅពិនិត្យផ្ទាល់ការបង្ហូរកាកសំណល់ និងទឹកកង្វក់ចូលសមុទ្រ ដើម្បីចាត់វិធានការជាបន្ទាន់

12-10-2018 19:08

(ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយរដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក សាយ សំអាល់, រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន​ ព្រមទាំងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានចុះទៅពិនិត្យផ្ទាល់ការបង្ហូរកាកសំណល់ និងទឹកកង្វក់ពីតាមការដ្ឋានសំណង់ និងលូបង្ហូរទឹក ដែលនាំចាក់ចូលទៅកាន់សមុទ្រ ដើម្បីរកដំណោះស្រាយភ្លាមៗចំពោះបញ្ហាសង្គមមួយនេះ។

មន្ដ្រីជាន់ខ្ពស់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអមដំណើរលោក ជា សុផារ៉ា បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា លោកឧបនាយករដ្ឋមន្ដ្រី អមដោយរដ្ឋមន្ដ្រីបរិស្ថាន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ តំណាងក្រសួងសាធារណការ អាជ្ញាធរខេត្តព្រះសីហនុ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត បានចុះទៅពិនិត្យទីតាំងស្ថានីយ៍បូមទឹកកង្វក់ និងអាងប្រព្រឹត្តកម្មទឹកកង្វក់មួយចំនួន តាមបណ្ដោយឆ្នេរសុខា ឆ្នេរអូឈើទាល រហូតដល់ស្ថានីយ៍ច្រុះសំអាតទឹក កាក់សំណល់ ទំហំ១៦ហិចតា នៅក្រុងព្រះសីហនុ។

តាមមន្ដ្រីរូបនេះ ថ្នាក់ដឹកនាំបានពិភាក្សាគ្នា​ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហាសង្គមមួយនេះ គោលបំណងលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងទេសចរណ៍ ជាប់មាត់សមុទ្រមួយនេះ។

សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងទៅនេះ បញ្ហាឆ្នេរសមុទ្ររបស់កម្ពុជាបានរងនូវការរិះគន់អំពីការរំលោភ និងធ្វើឲ្យឆ្នេរកង្វក់ ព្រោះតែការបង្ហូរកាក់សំណល់ និងទឹកកង្វក់ផ្សេងៗ ហើយចុងក្រោយនេះ កំប្លោកដែលហូរចេញពីប្រទេសវៀតណាម មកគរតាមឆ្នេរសមុទ្រក៏ទទួលរងការរិះគន់ ប៉ុន្ដែក៏ត្រូវបានអាជ្ញាធរខេត្ត ចុះទៅធ្វើការសំអាតភ្លាមៗផងដែរ៕