(បាត់ដំបង)៖ ដីទំនាស់រ៉ាំរ៉ៃចាប់តាំងពីឆ្នាំ២០០៣មក មានរយៈពេល១៥ឆ្នាំមកហើយ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញបានចុះដោះស្រាយ នៅតាមភូមិឃុំនានា បានដោះជាកញ្ចប់បានជោគជ័យជាបន្តបន្ទាប់លើទំនាស់ជាង២០០ហិកតាស្មើនិង៦៥ពាក្យបណ្តឹង។
ជាក់ស្តែង នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តបានអញ្ជើញភាគីទំនាស់ និងមន្រ្តីជំនាញដោយមានអាជ្ញាធរស្រុកឃុំចូលរួមផង ដើម្បីប្រជុំដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃបាន ១៨ពាក្យបណ្តឹងប្រកដោយជោគជ័យ នៅសាលាខេត្តបាត់ដំបង រួចបន្តដោះស្រាយទំនាស់ដែលនៅសេសសល់មួយចំនួនផ្សេងទៀតផងដែរ។
លោក ងួន រតនៈ បានឲ្យដឹងថា យោងតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំនង់ រដ្ឋបាលខេត្តបានសហការជាមួយ គណៈកម្មការដោះស្រាយទំនាស់ដីធ្លីថ្នាក់ជាតិ ថ្នាក់ខេត្តខិតខំធ្វើការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី នៅតាមមូលដ្ឋានតាមបណ្តាស្រុក ក្នុងខេត្តដើម្បីកាត់បន្ថយ និងបញ្ចប់រាល់ទំនាស់ដីធ្លីទាំងអស់ឳ្យបានឆាប់បំផុត។
លោក ងួន រតនៈ បានបន្តថា ថ្ងៃនេះយើងជួបជុំគ្នាគ្រប់ភាគីទំនាស់ធ្វើការដោះស្រាយដីទំនាស់ ស្ថិតនៅភូមិបឹងសង្កែនិងភូមិទួលស្នួលឃុំឃ្លាំមាសស្រុកបវេល ដោយមានការឯកភាពគ្នា សម្បទានគ្នាទៅវិញទៅមកនិងបានធ្វើកំណត់ហេតុ បញ្ចប់ទំនាស់បានចំនួន ១៨ ពាក្យបណ្តឹង ហើយលោកបានចាត់តាំងលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី ចុះទៅជួបភាគីទំនាស់ផ្សេងទៀតនៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨នេះដើម្បីបន្តដោះស្រាប់បញ្ចប់មានលក្ខណៈជាកញ្ចប់ ដាច់ដោយឡែកផ្សេងគ្នា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ បានធ្វើប្លង់កម្មសិទ្ធិត្រឹមត្រូវស្របច្បាប់ទាំងអស់គ្នាផងដែរ៕