(ស្វាយរៀង)៖ អ្នករត់តាក់ស៊ីម្នាក់ ត្រូវបានគេព្រួតវាយរហូតដល់ស្លាប់ ហើយអូសសាកសពយកទៅចោលនៅក្នុងព្រៃអាកាស្យា ដោយសារជនរងគ្រោះបើករថយន្តបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ធ្ងរបាក់ជើង និងបែកក្បាលធ្ងន់ធ្ងរ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នករត់តាក់ស៊ីដែលត្រូវគេព្រួតវាយសម្លាប់នោះឈ្មោះ គុជ សំអៀត អាយុ៣២ឆ្នាំ អតីតគ្រូសូត្រស្តាំវត្តពេជ្រមន្ត្រី មុខរបររត់តាក់ស៊ី មានទីលំនៅភូមិពោធិ៍វង្ស ឃុំប្រសូតិ ស្រុកស្វាយទាប។
កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា១០៖៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិកម្ពោធលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត រវាងរថយន្តម៉ាកលុចស៊ីសពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2C-3952 បើកបរដោយជនរងគ្រោះឈ្មោះ គុជ សំអៀត ពីទីសខាងលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ចេញពីកន្លែងផឹកស៊ីបើកឆ្លងផ្លូវពីត្បូងមកជើងបត់ឆ្វេង ក៏បុកពេញទំហឹងចំពាក់កណ្តាលម៉ូតូបណ្តាលឲ្យរងរបួស បាក់ជើងបែកក្បាលធ្ងន់ធ្ងរសន្លប់នៅ និងកន្លែងតែម្តង។
ខណៈនោះជនរងគ្រោះដែលជាអ្នករត់តាក់ស៊ី មិនបានបើករត់គេចទេដោយមានចិត្តធម៌ធ្លាប់បួសជាសង្ឃ ចង់នៅទទួលខុសត្រូវពេលនោះ បានឈប់រថយន្តហើយចុះទៅគោលបំណង ជួយលើកជនរងគ្រោះ។ ស្របពេលនោះស្រាប់តែមិត្តភក្តិជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះ (ដែលរថយន្តបុក) នៅកន្លែងផឹកស៊ីបានចេញមកស្រ៊ូ ហើយបានដេញព្រួតគ្នាវាយអ្នកបើករថយន្ត តាក់ស៊ីបណ្តាលឲ្យស្លាប់រួចអូសសពជនរងគ្រោះទៅចោលក្នុងព្រៃដើមប្រេងខ្យល់ចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីកន្លែងកើតហេតុស្ថិតនៅភូមិគម្ពោធជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដោយបន្សល់ទុករថយន្ត និងម៉ូតូនៅកន្លែងកើតហេតុ។ ក្រោយមកសមត្ថកិច្ចនគបាលសង្កាត់ព្រៃអង្គុញ បានមកដល់ឃើញតែរថយន្ត និងម៉ូតូនៅកណ្តាលថ្នល់។
រីឯជនរងគ្រោះឈ្មោះ សោម ម៉ាញ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជួសជុលទូរទស្សន៍ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ត្រូវសាច់ញាតិហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូ ដោយជនរងគ្រោះរបួសបាក់ជើង និងបែកក្បាលធ្ងន់ធ្ងរត្រូវគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញដើម្បីសង្គ្រោះ។
ចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ព្រៃអង្គុញ ដើម្បីដោះស្រាយតាមច្បាប់។ មុនដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបររថយន្តរត់គេចខ្លួនសមត្ថកិច្ច ក៏ធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តអ្នកបង្កឲ្យមកទទួលខុសត្រូវ។
ក៏ប៉ុន្តែនៅវេលាម៉ោង២៖១៥នាទីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានរាយការណ៍ថា មានមនុស្សដេកស្លាប់នៅក្នុងព្រៃដើមប្រេងខ្យល់ សង្ស័យជាអំពើឃាតកម្ម សមត្ថកិច្ចក៏បានរាយការណ៍មកលោកស្នងការនគបាលខេត្ត ចាត់មន្រ្តីការិយាល័យបច្ចេកទេសស្នងការដ្ឋាននគបាលខេត្ត សហការជាមួយមន្ត្រីសុខាភិបាល ចុះទៅពិនិត្យនិងធ្វើកោសល្យវិច្ច័យ ធ្វើការសន្និដ្ឋានថា ពិតជាអំពើឃាតកម្ម នៅកន្លែងផ្សេង ហើយយកមកផ្លុងចោលនៅទីនោះ គឺជនរងគ្រោះត្រូវក្រុមជនដៃដល់ចាប់ជ្រមុចក្នុងទឹកភក់ល្បាប់បណ្តាលឲ្យស្លាប់៕
បន្ទាប់ពីស្រាវជ្រាវរកអត្តសញ្ញាណទើបដឹងថា សពជនរងគ្រោះជាអ្នកបើកតាក់ស៊ីបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ នៅភូមិគម្ពោធលៀបទើបធ្វើការស្រាវជ្រាវបន្ត ដើម្បីរកក្រុមឃាតកយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។
រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមករក្សារទុកនៅការិយាល័យនគបាលចរាចរណ៍ ដើម្បីដោះស្រាយតាមនីតិវិធី រីឯក្រុមគ្រួសារសពបានអំពាវនាវសុំឲ្យសមត្ថកិច្ចស្រាវជ្រាវ ចាប់ក្រុមជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់។
បើតាមមន្ត្រីនគបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងនគរបាលខេត្ត បានបើកការសើបអង្កេតរហូតកំណត់មុខសញ្ញាជនសង្ស័យបាន០៣នាក់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ មកសាកសួរនៅស្នងការនគបាលខេត្ត។ បើតាមប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា នៅកន្លែងផឹកស៊ី មុនកើតហេតុមានអ្នកផឹកស៊ី៧ទៅ៨នាក់ ពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ ក្រុមអ្នកផឹកនោះបាននាំគ្នាដេញតាមវាយជនរងគ្រោះរត់ចូលទៅក្នុងភូមិក៏បាត់ដំណឹងទៅ។
ចំណែកជនជាតិចិន ដែលជិះនៅក្នុងរត់យន្តតាក់ស៊ីនោះ ត្រូវអ្នកភូមិព័ទ្ធជាប់ក្នុងរថយន្តក្រោយមកក៏ឲ្យចេញពីរថយន្ត អ្នកស្រុកដឹងថា ជាជនជាតិចិនក៏ដោះលែង ចិននោះក៏ហៅរថយន្តនៅក្រុងបាវិត មកដឹកយកទៅ ហើយបានប្រាប់សមត្ថកិច្ចថា ក្រោយពីគ្រោះថ្នាក់ចរាចរណ៍អ្នកបើកតាក់ស៊ីចុះទៅជួយជនរងគ្រោះ ក៏ត្រូវមនុស្ស២នាក់ ដេញតាមវាយធ្វើបាប ទើបសមត្ថកិច្ចមានតម្រុយឈានដល់កំណត់មុខសញ្ញាបាន។
រហូតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានសាកសួរបន្តតាមនីតិវិធី មិនទាន់ដឹងថា ចោទប្រកាន់ពីបទអ្វីនៅឡើយទេ រហូតមកដល់ពេលនេះ៕