(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានណែនាំឲ្យលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ នាំយកថវិកាចំនួន២លានរៀល ដើម្បីទៅចូលរួមឧបត្ថម្ភជូនដល់ក្រុមគ្រួសារប្រជាការពារម្នាក់ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត ដែលរងគ្រោះដោយសារបុរសម្នាក់ទៀត ដកកាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ ក្នុងពេលបំពេញភារកិច្ច បណ្ដាលឲ្យរងរបួសជើង។
ជាមួយការនាំយកថវិកាចំនួន២លានរៀល មកឧបត្ថម្ភជូនដល់ក្រុមគ្រួសារប្រជាការពារនេះដែរលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ បានពាំនាំយកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួសុខទុក្ខពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យថែរក្សាសុខភាពបានល្អ ទាំងការហូបស្អាត រស់នៅស្អាត និងជូនពរឆាប់ជាសះស្បើយពីជម្ងឺ ហើយអាចឆាប់បានចូលបម្រើការងារ ជូនប្រជាបលរដ្ឋដូចដើមវិញ។
សូមបញ្ជាក់ថា ប្រជាការពារសង្កាត់ឬស្សីកែវម្នាក់ បានរងការបាញ់ប្រហារជាច្រើនគ្រាប់ពីបុរសម្នាក់ទៀត បណ្តាលឲ្យត្រូវជើងរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង១២៖៥៥នាទីយប់ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងផ្លូវលំលេខ៣៤៥ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលរងរបួសជាប្រជាការពារបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន កំពុងតែដេញជនសង្ស័យជិះម៉ូតូ២គ្រឿង ដែលបានបើកគេចពីកម្លាំងប្រជាការពារ និងកម្លាំងអន្តរាគមន៍ខណ្ឌឫស្សីកែវ រហូតដេញតាមមកដល់ផ្លូវលំលេខ៣៤៥ ស្រាប់តែឮសំឡេងកាំភ្លើង ទើបដឹងថាខ្លួនត្រូវបុរសម្នាក់តាមដេញបាញ់ពីក្រោយ ប្រមាណជា១០គ្រាប់ បណ្ដាលឲ្យចំជើងខាងស្ដាំរងរបួស។
លោក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីផ្ទុះអាវុធ កម្លាំងនគរបាលខណ្ឌចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបាន។
ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត។ ជនបង្កឈ្មោះ ឡាយ អ៊ីងឃីង អាយុ២៧ឆ្នាំ មុខរបរជា មន្ត្រីកងរាជអាវុធហត្ថផ្ទៃប្រទេស។ ចំណែកជនរងគ្រោះឈ្មោះ លី រតនៈ ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរជាប្រជាការពារ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបង្កខាងលើ ដើម្បីយកទៅសួរនាំបន្ថែមទៀត នៅឯអធិការខណ្ឌឫស្សីកែវ៕