(ភ្នំពេញ)៖ ទូហ្គេមបាញ់ត្រី និងទូហ្គេមបៀរចំនួន៥៦ទូ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការដុតកម្ទេចចោល នារសៀលថ្ងៃទី១២ ​ខែតុលា ឆ្នាំ២០១៨នេះ បន្ទាប់ពីបង្ក្រាបបាននាពេលកន្លងទៅ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក ប៊ុន សត្យា បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការដុតកម្ទេចចោលទូហ្គេមទាំងនេះ បានធ្វើឡើងនៅចំណុចដីឡូតិ៍គ្មានលេខ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

​បើតាមលោក ប៊ុន សត្យា ការដុតកម្ទេចទូហ្គេមទាំងនេះ ក៏បានធ្វើឡើងដោយមានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រីស្នងការ រង ទទួលផែនការងារព្រហ្មទណ្ឌ ព្រមទាំងមានការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកបន្តថា សម្រាប់បទល្មើសទាំងនេះ កម្លាំងនគរបាលរបស់លោកក្រោមការបញ្ជាពីលោកស្នងការ នឹងបន្តប្រតិបត្តិការកាន់តែខ្លាំងឡើង ដើម្បីធ្វើការបង្ក្រាប គោលបំណងធនាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

សូមបញ្ជាក់ថា ទីតាំងហ្គេមត្រូវបានគេមើលឃើញថា ជាកន្លែងប្រមូលផ្តុំទៅដោយក្រុមជនល្មើសមួយចំនួន ទៅលាក់ខ្លួនដើម្បីប្រព្រឹត្តបទល្មើសដូចជា លួច ឆក់ ប្លន់ និងគ្រឿងញៀនជាដើម ជាពិសេសទីតាំងនេះជាកន្លែងដែលនាំឲ្យក្មេងៗគេចសាលាផងដែរ៕