(កំពង់ធំ)៖ ជាថ្មីម្តងទៀតពីទឹកដីខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានសង្កត់ធ្ងន់ប្រាប់ទៅកងទ័ពទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ក្នុងឱកាសចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីមរណៈនៅខេត្តកំពង់ធំ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា របស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានណែនាំកងទ័ពត្រូវសកម្មចូលរួមអនុវត្ត ឲ្យបានជោគជ័យនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ និងត្រូវបង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវសារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ចាប់ខ្ចួន។
លោកមេបញ្ជាការរូបនេះ ក៏បានគូសបញ្ជាក់ថា កងកម្លាំងត្រូវតែចងចាំ និងប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គឺ «ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែការពារឲ្យ បានជាដាច់ខាតនូវសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ដែលកម្ពុជាកំពុងតែមាននៅពេលនេះ និងមិនអនុញ្ញាតឲ្យជនណាម្នាក់មកបំផ្លាញសុខសន្តិភាព ស្ថិរភាព សមិទ្ធផលដែលកំពុងមាននេះ ជាដាច់ខាត»។
លើសពីនេះ ត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយភាគីមិត្ត សាមគ្គីភាព ភាពជាបងប្អូនជាភូមិផងរបងជាមួយ ជាមួយបណ្តាប្រទេសទាំងអស់នៅជុំវិញក្នុងការរួមគ្នា ថែរក្សាការពារ និងទប់ស្កាត់រាល់ អំពើចោរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងរត់គេចពន្ធគ្រប់ប្រភេទ សំដៅធ្វើយ៉ាងណាឲ្យព្រំដែនកម្ពុជា ជាមួយបណ្តាប្រទេសជុំវិញ ប្រកបដោយព្រំដែន សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមថា កងទ័ពទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ រៀនសូត្រ ស្វែងយល់ពីការអភិវឌ្ឍរីកចម្រើន របស់សង្គមជាតិ ពីឧបាយកលឃោសនា ញ៉ុះញុងបោកប្រាស់ពីកល្បិចផ្សេងៗរបស់បក្សពួកប្រឆាំង និងពួកអគតិខាងក្រៅ ដោយឯករាជ្យម្ចាស់ការប្រឆាំងតបត និងប្រឆាំងដាច់ខាត ចំពោះឧបាយកលល្បិច និងស្មោះស្ម័គ្រ ការពារដាច់ខាតរាល់សមិទ្ធផលជាតិ៕