(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យសមាគមនាវាយុវជនកម្ពុជា និងប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលនឹងត្រៀមខ្លួនចេញទៅចូលរួម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅឆ្នាំ២០១៨ ចូលជួបសំដែងការគួរសម ទទួលយកនូវអនុសាសន៍ និងបទពិសោធន៍ការងារល្អៗ សម្រាប់ជាទុនចំណេះដឹងដ៏មានតម្លៃ មុនចេញដំណើរទៅចូលរួមកម្មវីធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៥ មានរយៈពេល៥២ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ។
ការចូលជួបសំណេះសំណាលនេះ ក្រុមសមាគមនាវាយុវជនកម្ពុជាដឹកនាំដោយលោក ស្រ៊ាង គីមលី លោក ណៃ សេមណារ័ត្ន ប្រធានប្រតិភូ មានគោលបំណងក្រេបជញ្ជក់នូវអនុសាសន៍ និងបទពិសោធន៍ការងារល្អៗ នៅសាលប្រជុំក្រសួងការពារជាតិ។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៥ ទៅតំបន់ផ្សេងៗមួយចំនួន នៅក្នុងប្រទេសជប៉ុន, ប្រទេសប្រ៊ុយណេ, ប្រទេសហ្វីលីពីន, ប្រទេសថៃ និងប្រទេសវៀតណាម។ យុវជនអាស៊ាន និងជប៉ុនទាំងអស់៣៣០នាក់ នឹងត្រូវជួបគ្នាមុនដំបូង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីបើកជាផ្លូវការ។
យុវជនទាំងអស់ នឹងត្រូវបែងចែងជាក្រុមដែលមានប្រទេសទាំង១១ចូលរួមគ្នា ហើយធ្វើទស្សនកិច្ចទៅតំបន់ផ្សេងៗ នៅក្នុងប្រទេសជប៉ុន។ ពេលត្រលប់ពីទស្សនកិច្ច ប្រតិភូយុវជនទាំងអស់ នឹងត្រូវបន្ដដំណើរ តាមនាវា១គ្រឿង ដែលមានឈ្មោះថា Nippon Maru ដើម្បីទៅកាន់ប្រទេសចំនួន៤ទៀត គឺប្រទេសប្រ៊ុយណេ, ប្រទេសហ្វីលីពីន, ប្រទេសថៃ និងប្រទេសវៀតណាម។
នៅពេលធ្វើដំណើរតាមនាវា យុវជនទាំងអស់នឹងត្រូវចូលរួមសកម្មភាពមួយចំនួនដូចជា៖ ការពិភាក្សាជាក្រុមជាមួយប្រទេសទាំង១១, ការលើកយកប្រធានបទផ្សេងៗ ដើម្បីយកមកបង្ហាញយុវជនដទៃ ការសម្ដែងសិល្បៈ របស់ប្រទេសនីមួយៗ និងសកម្មភាពជាក្រុមមួយចំនួនទៀត៕