(កំពត)៖ ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី សហការជាមួយនឹងអង្គការសម្ព័ន្ធ ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានសម្ពោធគម្រោងការអប់រំ សុវត្ថិភាពចរាចរណ៍សហគមន៍ ដើម្បីលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ ក្នុងចំណោមសិស្សានុសិស្ស និងប្រជាជនទូទៅនៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត។
កម្មវិធីអប់រំ សុវត្ថិភាពចរាចរណ៍សហគមន៍ ដើម្បីលើកកម្ពស់ការយល់ដឹង ពីសុវត្ថិភាពចរាចរណ៍នេះ មានការចូលរួមពីប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរប្រមាណជាង៤០០នាក់។ ក្នុងនោះដែល សិស្សានុសិស្ស និងគ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ដែលត្រូវបានជ្រើសរើសក្នុងសហគមន៍ ទទួលបានមួកសុវត្ថិភាពម្នាក់មួយ និងឧបករណ៍សម្រាប់ឆ្លងផ្លូវ ទៅកាន់សាលាពីរ ដែលជាប់នឹងផ្លូវលេខ៣៣។
លោកស្រី លឹម សុខជា ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា តាមប្រព័ន្ធទិន្នន័យជនរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១៧ ចំនួនអ្នកស្លាប់៧៥% ពាក់ព័ន្ធនឹងការប្រើប្រាស់ ទោចក្រយានយន្ត និងរងរបួសក្បាលហើយ មានតែ៦៩%ប៉ុណ្ណោះ ដែលពាក់មួកសុវត្ថិភាព។
លោកស្រី លឹម សុខជា បានបញ្ជាក់ទៀតថា ហេតុដូច្នេះហើយ ទើបក្រុមហ៊ុនសម្រេចបានជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្គោលចំនួន៣០នាក់ ដើម្បីឲ្យពួកគាត់បន្តធ្វើការអប់រំសុវត្ថិភាពចរាចរណ៍ ទៅកាន់សិស្សានុសិស្ស ប្រជាជននៅក្នុងសហគមន៍បន្តទៀត។
លោក ទៀង សុភៈវិជ្ជា តំណាងឲ្យក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី បានថ្លែងថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី តែងតែយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពរបស់ប្រជាជននៅក្នុងសហគមន៍។ លោកបន្ដថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុន បានរៀបចំកម្មវិធីស្តីពី សុវត្ថិភាពចរាចរណ៍ ហើយក្រុមហ៊ុននឹងនៅតែបន្តសហការ ជាមួយនឹងអ្នកពាក់ព័ន្ធ និងធ្វើសកម្មភាពអប់រំផ្សព្វផ្សាយ ដល់ប្រជាជននៅក្នុងសហគមន៍ ឲ្យយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍នេះ៕