(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ និងមន្ត្រីកាំកុងត្រួល ក្រោមការសម្របសម្រួលពីតំណាងអយ្យការ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានសម្រេចដុតបំផ្លាញចោលនូវផលិតផលក្លែងក្លាយមានដូចជា ស្ករត្នោត នំ គ្រឿងបរិភោគ និងឧបភោគមួយចំនួនទៀតជាង៤០តោន ក្រោយពីចាប់បានជាបន្តបន្ទាប់ពីឈ្មួញទុច្ចរិតនាពេលកន្លងមក។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងកម្ទេចចោលនូវផលិតផលក្លែងក្លាយទាំងនោះ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ផលិតផលដែលក្រុមការងារបានដុតនេះ គឺបានចាប់ពីឈ្មួញទុច្ចរិតនាពេលកន្លងមក ហើយឈ្មួញ និងម្ចាស់សិប្បកម្មទាំងនោះ ត្រូវបានបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធីច្បាប់ផងដែរ។
ថ្លែងក្នុងឱកាសនោះដែរ លោក ស៊ីន ស៊ីដេត ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ផលិតផលទាំងនេះ គឺក្លែងក្លាយទាំងអស់ ហើយអ្នកប្រើប្រាស់ និងបរិភោគនឹងមានផលប៉ះពាល់ខ្លាំងដល់សុខភាពរបស់ពួកគេ។
យ៉ាងណាក៏ដោយ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននោះ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងទិញរបស់ប្រើប្រាស់ និងបរិភោគត្រូវពិនិត្យ ឲ្យបានច្បាស់លាស់ពីព្រោះមានឈ្មួញទុច្ចរិត និងអគតិជាច្រើន បានលួចផលិត និងលក់ខណៈអាជ្ញាធរមិនទាន់ស្រាវជ្រាវរកឃើញនោះ។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវដល់ក្រុមអាជីវករ ដែលទទួលពីម្ចាស់ទីតាំងដែលលួចផលិតផលក្លែងក្លាយទាំងនោះ ត្រូវសហការជាមួយអាជ្ញាធរ ដើម្បីឲ្យអាជ្ញាធរចាត់វិធានការឈ្មួញទាំងនោះ ទៅតាមនីតិវិធីច្បាប់ផងដែរ៕