(ស្វាយរៀង)៖ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថរយៈពេល៩ខែ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៨ និងផ្សព្វផ្សាយញត្តិគាំទ្ររបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសគាំទ្រទាំងស្រុង ចំពោះគោលជំហររដ្ឋាភិបាលតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសមាគមនិស្សិត និងកម្មសិក្សាការីខ្មែរ នៅប្រទេសជប៉ុន កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាននិងអនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក នាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចំនួន៦១នាក់ផងដែរ។

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ក្នុងអំឡុងពេលសម្តេចតេជោ អញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន បានប្រកាសរក្សាជំហរយ៉ាងម៉ឹងម៉ាត់បំផុតក្នុងការរក្សាអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា ដោយមិនអនុញ្ញាតឲ្យបរទេសណាមកជាន់ឈ្លី ជាថ្នូរនឹងជំនួយ ឬការព្រមានណាមួយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការឱនក្បាលចំពោះបរទេសមួយដង នឹងមានមានការឱនក្បាលជាបន្តបន្ទាប់មិនអាចងើបរួចនោះឡើយ ហើយការឱក្បាលចំពោះបរទេសជាថ្នូរសម្រាប់ជំនួយ ឬជាថ្នូរនឹងអ្វីមួយនោះ គឺជាការបំផ្លាញនូវអធិបតេយ្យ និងឯករាជ្យជាតិរបស់កម្ពុជាផងដែរ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិតាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្តេចតេជោ បានអះអាងថា សម្តេចនឹងមិនធ្វើទង្វើឱនក្បាលចំពោះបរទេសជាថ្នូរនឹងអ្វីមួយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនិយាយហើយនិយាយទៀតកុំយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយ កុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ។ ឥឡូវចង់នរណាចាត់ការកម្ពុជាតាមវិធីណាចាត់ការចុះ ប៉ុន្តែកម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារអធិបតេយ្យ ឯករាជ្យជាតិរបស់ខ្លួន។ បើកម្ពុជាអនុវត្តន៍ច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី»៕