(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យ០៦នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ រួមជាមួយក្រាមពណ៍សថ្លា០៩កញ្ចប់ (ប្រភេទម៉ាទឹកកក)។
ជនសង្ស័យទាំង០៦នាក់នេះ ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន រួមមាន៖ ទី១៖ឈ្មោះ បូ នី អាយុ៣១ឆ្នាំ, ទី២៖ឈ្មោះ ម៉ៅ វុធ ហៅក្រុត អាយុ ៣១ឆ្នាំ ពួកគេទាំង០២នាក់ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានក្រោយពេលដែលពួកគេប្រើប្រាស់គ្រឿងញៀន ហើយបានបន្តទៅលួចកាត់ខ្សែភ្លើង និងដែក កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្បែររបងអគ្គិសនី ភូមិព្រែកតាណូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ចំណែកជនសង្ស័យ០៤នាក់ ផ្សេងទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ ក្នុងនោះរួមមាន ទី១៖ឈ្មោះ ច្រឹក ផាន់ណា អាយុ២៧ឆ្នាំ, ទី២៖ឈ្មោះ សួស សុខឡេង អាយុ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួនបាននៅចំណុចផ្លូវបេតុងជាប់របងវត្តជាន់ឯក ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។ ទី៣៖ឈ្មោះ ប៉ិល ឡែន អាយុ៣៨ឆ្នាំ (ធ្លាប់ជាប់គុក១០ឆ្នាំ ពីបទមនុស្សឃាត) និងទី៤៖ឈ្មោះ ហឹម សុភាស់ ហៅពៅ អាយុ២៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបាននៅចំណុចផ្លូវលំ ក្រុមទី៩ ភូមិព្រែក ទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
តាមការសាកសួរ ក៏ដូចជាចម្លើយសារភាពរបស់ពួកគេទាំង០៦នាក់ខាងលើ បានឲ្យដឹងថា ពួកគេពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀនពិតប្រាកដមែន ហើយគ្រឿងញៀនទាំង០៩កញ្ចប់នេះ គឺពួកខ្លួនបានទិញយកមកប្រើប្រាស់ទាំងអស់គ្នា ទើបសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង និងប្រមូលវត្ថុតាងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕