(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌទួលគោក បានបើកប្រតិបត្តិការបង្ក្រាបជនសង្ស័យប្រុសស្រី១០នាក់ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ​ខែតុលា ឆ្នាំ២០១៨នេះ ដែលពាក់ព័ន្ធការប្រព្រឹត្តិបទល្មើសឆក់ ហិង្សា កាន់កាប់អាវុធខុសច្បាប់ និងជួញដូរគ្រឿងញៀនដោយខុសច្បាប់។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា ប្រតិបត្តិការជាបន្ដបន្ទាប់នេះ បានធ្វើឡើងក្រោមការណែនាំពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ សុខ ហេង អធិការខណ្ឌទួលគោក និងលោក សឹម ពិសិដ្ឋ អធិការរងទទួលផែនព្រហ្មទណ្ឌ។

បើតាមរបាយការណ៍ បន្ទាប់ពីទទួលបានបញ្ជាឲ្យយកចិត្តទុកដាក់លើការងារសន្តិសុខ ដែលជាបញ្ហាប្រឈម​ដល់ប្រជាពលរដ្ឋ ពិសេសបទល្មើស លួច ឆក់ ប្លន់ ធ្វើយ៉ាងណា​ខិតខំ​ស្រាវជ្រាវ​បង្ក្រាបឲ្យខាងតែបាននោះ រយៈពេលពីរថ្ងៃ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើស ដែលកើតឡើងក្នុងមូលដ្ឋាន បានចំនួន៧ករណី ឃាត់ខ្លួនជនសង្ស័យ​១០នាក់ ក្នុងនោះស្រី០២នាក់។

​ក្នុងនោះបទល្មើស ឆក់០៤​ករណី, បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត្ត (ដាវកែឆ្នៃ) ០១ករណី, បទហិង្សាដោយចេតនា (ទំនាស់ធាក់ជនរងគ្រោះ ស្ត្រីពោះធំ៤ខែ) ០១ករណី និង​បទជួញដូរគ្រឿងញៀន០១ករណី។​ បទល្មើសទាំងអស់នេះ កើតឡើងនៅ​សង្កាត់ផ្សារដេប៉ូ២ សង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់៣ សង្កាត់បឹងកក់២ និងសង្កាត់បឹងសាឡាង។

បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ ​កំពុងកសាងសំណុំរឿងបញ្ជូនតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕